ដោយ៖ សុផារី
ភ្នំពេញ៖ សមាគមអចលនទ្រព្យសកល (GRA) ដែលមានលោកឧកញ៉ា សំ សុខនឿន ជាប្រធាន និងសមាគមមិត្តយើង ដែលមានលោក គឹម កែវរស្មី ជាប្រធាន កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំប្រតិភូ និងសហការី ចុះចែកអំណោយជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន ១០០នាក់ នៅរាជធានីភ្នំពេញ។

-->
លោកឧកញ៉ា សំ សុខនឿន បានឱ្យដឹងថា ការសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌នេះ ដោយស្ថិតក្នុងរដូវរងា។ ហេតុនេះ ប្រធានសមាគមទាំងពីរ ក៏បានរៀបចំអំណោយជាអាវរងា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអាវរងា១ អង្ករ៥គីឡូក្រាម ម្ស៉ៅស៊ុប១ថង់ធំ និងទឹកត្រី-ទឹកស៊ីអ៊ីវ២ដប។

កន្លងមកសមាគមអចលនទ្រព្យសកល តែងរៀបចំកម្មវិធីសប្បុរសធម៌ និងចែកអំណោយជាបន្ដបន្ទាប់ ដល់កុមារកំព្រារ និងចាស់ជរា ក៏ដូចជាសហការជាមួយរដ្ឋបាលខេត្តមួយចំនួន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ខខ្វះខាត និងចូលរួមសកម្មសង្គម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការរីលរាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទៀតផង៕
