ក្រុមហ៊ុន Intel គ្រោងបោះទុនជាង៧ពាន់លានដុល្លារសង់រោងចក្រថ្មីនៅម៉ាឡេស៊ី

0

ដោយ៖ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុន Intel Corp នឹងបោះទុនវិនិយោគយ៉ាងច្រើនរហូតដល់ទៅជាង៧ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមលោក Pat Gelsinger នាយកប្រតិបត្តិក្រុមហ៊ុននេះបានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ នេះ។

នាយកក្រុមហ៊ុនអាមេរិក រូបនេះបានបញ្ជាក់ថា រោងចក្រវេចខ្ចប់ និងសាកល្បងបន្ទះឈីបដ៏ទំនើបនៅម៉ាឡេស៊ីនេះនឹងចាប់ផ្ដើមផលិតកម្មនៅឆ្នាំ២០២៤ ហើយការពង្រីកផលិតកម្មក្នុងប្រទេសនេះធ្វើឡើងក្រោយពីពិភពលោកជួបវិបត្តិកង្វះបន្ទះឈីប។

រដ្ឋាភិបាលម៉ាឡេស៊ីបញ្ជាក់ថាការវិនិយោគក្នុងទំហំទឹកប្រាក់៧,១០ពាន់លានដុល្លារអាមេរិក នេះនឹងផ្ដល់ឱកាសការងារសរុបជាង៩.០០០កន្លែងនៅក្នុងប្រទេសនេះ។

កាលពីខែមុន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានបង្ហើបឱ្យដឹងថា ប្រទេសទាំងពីរមានគម្រោងចុះកិច្ចព្រមព្រៀងមួយនៅដើមឆ្នាំ២០២២ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងនូវតម្លាភាព ភាពធន់ទ្រាំ និងសន្តិសុខក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទះឈីប និងវិស័យផលិតបន្ទះឈីប។

កង្វះបន្ទះឈីបទូទាំងពិភពលោក ដែលមួយអន្លើបណ្តាលមកពីការកើនឡើងតម្រូវការគ្រឿងអេឡិចត្រូនិក ដែលជំរុញដោយការរីករាលដាលវីរុសកូវីដ-១៩ និងការរអាក់រអួលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តនានាជួបការលំបាកយ៉ាងខ្លាំង ដូចជាត្រូវបង្ខំចិត្តកាត់បន្ថយការផលិត និងការពន្យារពេលចែកចាយផលិតផលទូរស័ព្ទស្មាតហ្វូននៅក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Apple Inc ផងដែរ។

ក្រុមហ៊ុន Intel បានបើករោងចក្រផលិតដំបូងរបស់ខ្លួននៅក្រៅទឹកដីសហរដ្ឋអាមេរិក គឺនៅរដ្ឋប៉េណាង (Penang) ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៧២។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនឱ្យដឹងថា នៅត្រឹមឆ្នាំ១៩៧៥ រោងចក្រនេះបានផ្ដល់ឱកាសការងារប្រមាណ១.០០០កន្លែង ហើយបានក្លាយជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនរហូតមកទល់នឹងពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here