World Bank: កំណើនសេដ្ឋកិច្ចរបស់ចិន នឹងដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០២២

0

ដោយៈសុខុម

ហុងកុង: ធនាគារពិភពលោក (World Bank) បានបន្ទាបការព្យាកររបស់ខ្លួនជាបន្តបន្ទាប់ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំនេះ និងឆ្នាំ២០២២ ស្របពេលសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ កំពុងប្រឈមព្យុះភ្លៀងកាន់តែច្រើនឡើង រាប់ចាប់ពីវីរុសកូវីដ-១៩ បំប្លែ​ងខ្លួនថ្មី “អូមីក្រុង” រហូតដល់ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ធ្នូ ឱ្យដឹងថា ពេលនេះWorld Bankបានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន នឹងទទួលបានកំណើន៨%ក្នុងឆ្នាំ២០២១ នេះបើធៀបនឹងឆ្នាំ២០២០ ដែលទាបជាងការព្យាកររបស់ខ្លួនមុននេះ។

កាលពីខែតុលា World Bank ព្យាករថា GDP របស់ប្រទេសចិន នឹងទទួលបានកំណើន៨,១%នៅឆ្នាំនេះ ក្រោយពីបានព្យាករកាលពីខែមិថុនា ថា GDP របស់ប្រទេសនេះនឹងទទួលបានកំណើន៨,៥%។

ធនាគារនេះ ក៏បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ពី៥,១%មកនៅត្រឹម៥,១%ផងដែរ ដែលជាកំណើនសេដ្ឋកិច្ចយឺតបំផុតទី២ របស់ប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៩០ ដែលកាលនោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ទទួលបានកំណើនត្រឹមតែ៣,៩%ប៉ុណ្ណោះ ក្រោយពីទទួលរងទណ្ឌកម្មពីអន្តរជាតិ ទាក់ទិននឹងការសម្លាប់មនុស្សយ៉ាងរង្គាល នៅទីលានធានអានមិន (Tiananmen Square) ក្នុងឆ្នាំ១៩៨៩។

សេដ្ឋកិច្ចរបស់ប្រទេសចិនទទួលបានកំណើន២,២%ក្នុងឆ្នាំ២០២០
ប្រទេសចិន ជាសេដ្ឋកិច្ចធំតែមួយគត់ ដែលទទួលបានកំណើនក្នុងឆ្នាំ២០២០ ប៉ុន្តែនៅឆ្នាំ២០២១ នេះប្រទេសនេះបាន និងកំពុងប្រឈមការគំរាមកំហែងជាច្រើន ចំពោះកំណើនសេដ្ឋកិច្ចរបស់ខ្លួន រួមមានវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ វិបត្តិថាមពល និងវិធានការបង្ក្រាបដែលមិនធ្លាប់មានទៅលើក្រុមហ៊ុនសហគ្រាសឯកជន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here