ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ទីក្រុងរណបធំជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ ING CITY នឹងក្លាយជាតំបន់ពាណិជ្ជកម្មនៅរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងពីអ្នកជំនាញអចលនទ្រព្យនានា។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៧ កញ្ញាកន្លងមកថា តំបន់នេះជាទីក្រុងថ្មី និងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួលក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណបដទៃទៀត។
-->
អ្នកនាងបន្តថា “តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវានឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិជ្ជកម្ម”។
បច្ចុប្បន្នតំបន់នេះកំពុងមានការរីកចម្រើនយ៉ាងលឿន ដោយមានបុរីជាច្រើនកំពុងសាងសង់នៅតំបន់នេះ ដូចជាបុរីប៉េង ហួត បុរី WOODLAND, គំរោងផ្សារទំនើបAEON MALL3 និងគំរោងបង្កើតផ្សារទំនើបរបស់បុរីជីព ម៉ុងជាដើម។

ជាមួយគ្នានេះលោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investmen tបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានគំរោងវិនិយោគជាច្រើន បានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរនិងធំជាងគេនៅក្រុងភ្នំពេញ។លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា។
លោកបន្តថា “ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមានហេដ្ឋារចនាសម័្ពន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។លោកបន្តថា “វាស្ថិតនៅកៀកក្រុងតាខ្មៅ ហើយប្រសិនជាព្រលានយន្តហោះថ្មី សាងសង់នៅស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យមានចរាចរឆ្លងកាត់តំបន់នេះកាន់តែច្រើន ពេលនោះសកម្មភាពពាណិជ្ជកម្មនឹងរសរវើក”។
លោកវ៉ា វីរៈបានបន្តថា ចំណែករោងចក្រ សហគ្រាស ជាបណ្តើរៗនឹងរើចេញពីតំបន់នេះ ព្រោះនៅពេលសកម្មភាពពាណិជ្ជកម្មកើតនៅតំបន់ណា រោងចក្រ សហគ្រាសនៅតំបន់នោះនឹងចាកចេញ ដោយសារវិស័យពាណិជ្ជកម្មទាញយក និងបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន។លោកបន្តថា ឧទាហរ៍រោងចក្រ សហគ្រាសអាចជួលបានត្រឹម៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានអាចទាញតម្លៃបានកាន់តែខ្ពស់ ពេលនោះរោងចក្រ សហគ្រាសនឹងរើចាកចេញដោយស្វ័យប្រវត្តិ។

យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holdingបានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។
ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សាលារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែលមានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។
ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្រ្តនៅតំបន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធមៗនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោមផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើបAEON MALL3នឹងសាងសង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុនEAON GROUPបានទិញដីនៅតំបន់នេះទុករួចទៅហើយ។
អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋារចនាសម័ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕