ក្រុមហ៊ុននានារបស់សិង្ហបុរីសាទរចំពោះការលើកលែងពន្ធ ក្រោយRCEPចូលជាធរមាន

0

ដោយ៖ សុខុម

ភ្នំពេញ: កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតរបស់ពិភពលោក ក្រោមការចូលរួមពី១៥ប្រទេសរួមទាំងសិង្ហបុរីនិងកម្ពុជាផងនោះ បានចូលជាចូលជាធរមានហើយកាលពីថ្ងៃសៅរ៍ ទី០១ ខែមករា។

លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀង RCEP នឹងជួយ “ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសសិង្ហបុរី និងបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP”។

លោកបានបន្ថែមទៀតថា “យើងពិតជាមានក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុនសហគ្រាសជាច្រើនរបស់សិង្ហបុរី បង្ហាញចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីការប្រើប្រាស់កិច្ចព្រមព្រៀង RCEP នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមានអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយ”។

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មបានលើកឡើងថា ចាប់ពីថ្ងៃសៅរ៍ ទី០១ ខែមករាតទៅ ក្រុមហ៊ុនសហគ្រាសនានានឹងអាចទទួលបានការលើកលែងពន្ធរហូតដល់ទៅប្រមាណ៩២% សម្រាប់ទំនិញដែលត្រូវបានជួញដូរក្នុងចំណោមបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយបណ្ដាប្រទេសដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរហូតមកដល់ពេលនេះរួមមានទាំងប្រទេសសិង្ហបុរី អូស្ត្រាលី ព្រុយណេ ចិន ជប៉ុន ឡាវ នូវែលសេឡង់ ថៃ វៀតណាម និងកម្ពុជា ផងដែរ។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានសម្រាប់ប្រទេសដែលចូលរួមផ្សេងទៀត ក្នុងរយៈពេល៦០ថ្ងៃបន្ទាប់ពីប្រទេសទាំងនោះដាក់តម្កល់ឧបករណ៍នៃការផ្តល់សច្ចាប័នរបស់ខ្លួនជាមួយនឹងឯកសារជាភ័ស្តុតាង។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និយាយថា ក្រុមហ៊ុនសហគ្រាសនានាក៏នឹងទទួលបានអត្ថប្រយោជន៍ពីការចូលទៅកាន់ទីផ្សារអនុគ្រោះបន្ថែមសម្រាប់ផលិតផលជាក់លាក់មួយចំនួន រួមមានឥន្ធនៈរ៉ែ (ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ) ប្លាស្ទិក ផលិតផលគីមីផ្សេងៗទៀត ចំណីអាហារ & ភេសជ្ជៈផ្សេងៗនៅក្នុងទីផ្សារ RCEP ដូចជាប្រទេសចិន និងជប៉ុន ជាដើម។

ក្រសួងដដែលបានបន្ថែមទៀតថា ក្រុមហ៊ុនសហគ្រាសនានាក៏អាចទទួលបានអត្ថប្រយោជន៍ពីការប្តេជ្ញាចិត្តកាន់តែម៉ឺងម៉ាត់បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក១ (ASEAN Plus One) ដែលមានស្រាប់នៅក្នុងវិស័យមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here