និន្នាការនៃការទិញលំនៅឋានដោយប្រើប្រាស់កម្ចីធនាគារមានទំនោរកើនឡើង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ការផ្ដល់កម្ចីសម្រាប់ទិញលំនៅឋានពីសំណាក់ធនាគារនៅក្នុងប្រទេសកម្ពុជាកំពុងមានទំនោរកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈកាលពីមុនអ្នកទិញលំនៅឋានត្រូវមានសាច់ប្រាក់សុទ្ធ ឬបង់រំសល់ជាមួយនឹងអ្នកអភិវឌ្ឍន៍លំនៅឋានផ្ទាល់។

លោក ខេន ឡូ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Imperial Realty បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនធំដែលបានទិញលំនៅឋាននៅពេលបច្ចុប្បន្ននេះ ចាប់ផ្ដើមយល់ច្បាស់ពីហិរញ្ញវត្ថុ ដោយពួកគាត់មានប្រាក់ត្រឹមតែ២០ឬ៣០ភាគរយ ហើយទៅរកកម្ចីពីធនាគារដើម្បីមកទិញលំនៅឋាន និងបង់រំលស់វិញទៅកាន់ធនាគារ ដែលធ្វើឱ្យទំនោរនៃការទិញ លំនៅឋាន ដោយប្រើប្រាស់ប្រព័ន្ធធនាគារកាន់តែមានកំណើន។

លោកបន្តថា ការទិញលំនៅឋានដោយប្រើប្រាស់សាច់ប្រាក់មួយចំណែក និងប្រើប្រាស់កម្ចីធនាគារ គឺធ្វើឱ្យពួកគាត់មានសាច់ប្រាក់មួយចំនួនដើម្បីទុកធ្វើអាជីវកម្មឬបង្កើតអាជីវកម្ម ជាជាងយកសាច់ប្រាក់ទាំងដុលរបស់ខ្លួនទៅទិញផ្ទះ ហើយមិនមានប្រាក់នៅសល់ ដើម្បីបង្កើតអាជីវកម្មឬមុខរបរដើម្បីបង្កើនចំណូល។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញផងដែរថា គិតត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានចំនួន៤៤,៩ពាន់លានដុល្លារអាមេរិក មានកំណើន២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដោយឡែកកម្ចីនៅក្នុងវិស័យសំណង់ មានទឹកប្រាក់១១,៥ពាន់លានដុល្លារអាមេរិក និងការផ្ដល់កម្ចីសម្រាប់គ្រួសារមានទឹកប្រាក់ប្រមាណ៤,៧ពាន់លានដុល្លារមានកំណើនចំនួន២,៨ភាគរយ។

LEAVE A REPLY

Please enter your comment!
Please enter your name here