និន្នាការនៃការអភិវឌ្ឍលំនៅឋានជាយក្រុងភ្នំពេញកាន់តែមានសន្ទុះខ្លាំង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិនិយោគិនលំនៅឋានជាច្រើន បានចាប់ផ្ដើមអភិវឌ្ឍគម្រោងរបស់ខ្លួននៅតាមតំបន់ជាយៗរាជធានីភ្នំពេញ និងមាននិន្នាការកាន់តែកើនឡើង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលតម្រូវការនិងសកម្មភាពនៃការទិញផ្ទះនៅជាយក្រុងរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម កាន់មានសន្ទុះខ្លាំង។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance Property បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ និន្នាការនៃការទិញផ្ទះនៅជាយក្រុងចាប់ផ្ដើមមានកំណើនឡើង ដោយបានមើលឃើញថាគម្រោងបុរីតម្លៃសមរម្យនៅជុំវិញទីក្រុងភ្នំពេញ ចាប់ផ្ដើមកើនឡើង។ អ្នកទិញនិងចូលស្នាក់នៅទីនោះបណ្ដើរៗ ប៉ុន្តែវាមិនទាន់ពេញលេញនៅឡើយ និងត្រូវការពេលវេលាទៅមុខទៀត ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទិញនិងចូលស្នាក់នៅលំនៅឋាន ដែលខ្លួនបានទិញនៅជាយក្រុងនោះ ។

លោកថា ”អ្នកដែលមិនមានលទ្ធភាពក្នុងការទិញផ្ទះនៅកណ្ដាលក្រុងឬនៅជិតក្រុងក៏បានទៅទិញផ្ទះនៅជាយក្រុង តែដោយសារតែខ្លួនត្រូវបំពេញការងារនៅកណ្ដាលក្រុង ដូច្នេះហើយផ្ទះដែលខ្លួនទិញនៅជាយក្រុងត្រូវទុកចោលសិន ឬក៏ជួលឱ្យគេដើម្បីយកប្រាក់កម្រៃខ្លះមិនបង់រំលស់ជាមួយបុរីឬធនាគារ”។

លោកបន្តថា សម្រាប់អ្នកដែលមានទុនច្រើន គេបានទិញផ្ទះនៅជាយក្រុងច្រើនកន្លែងច្រើនទីតាំង ដើម្បីទុកលក់ចំណេញនៅពេលតំបន់ដែលគេទិញនោះមានការអភិវឌ្ឍខ្លាំង ដូច្នេះហើយក៏ធ្វើឱ្យសកម្មភាពនៃការទិញផ្ទះនៅតែមានកំណើន តែមិនមានអ្នកស្នាក់នៅ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងថា ការអភិវឌ្ឍលំនៅឋានត្រូវបានមើលឃើញថារីកសាយនៅជុំវិញរាជធានីភ្នំពេញ ហើយតំបន់ប៉ែកខាងជើង និងខាងកើតត្រូវបានមើលឃើញថាជាតំបន់ដែលមានការអភិវឌ្ឍលំនៅឋានតម្លៃថ្លៃៗ និងតំបន់ប៉ែកខាងលិចជាតំបន់ដែលមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ពីព្រោះតំបន់ខាងលិចភ្នំពេញ ជាតំបន់ដែលចាត់ទុកសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ដូច្នេះតំបន់នោះតម្រូវការលំនៅឋានតម្លៃសមរម្យក៏មានច្រើនដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here