ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ វិនិយោគិនក្នុងស្រុកធំៗ ចាប់ផ្ដើមបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួននៅតាមបណ្ដោយផ្លូវ៥១ជាបន្តបន្ទាប់នៅដើមឆ្នាំ២០២២នេះ បន្ទាប់ពីបានទិញដីទុកមួយរយៈមក ដោយក្នុងនោះ ក្រុមហ៊ុនធំៗលើវិស័យអចលនទ្រព្យបានចាប់ផ្ដើមជាមួយនឹងក្ដីរំពឹងថានឹងធ្វើឱ្យតំបន់ផ្លូវ៥១នឹងកាន់តែមានសន្ទុះបន្ថែមទៀត។
លោក អ៊ឹង ប៊ុនហួត ប្រធានផ្នែកទីផ្សារនិងភ្នាក់ងារលក់នៃក្រុមហ៊ុន PIXIU Property បានមានប្រសាសន៍តាមទូរស័ព្ទនៅ ថ្ងៃ ទី០៥ ខែ មករានេះ ថា ឆ្នាំ២០២២នេះ យើងបានមើលឃើញថាក្រុមហ៊ុនធំៗក្នុងស្រុកដូចជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនធំៗជាច្រើនទៀតបានបញ្ចេញសកម្មភាពនៃការអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ហើយ ដោយរំពឹងថាសក្ដានុពលនៅតាមបណ្ដោយផ្លូវ៥១នឹងកាន់តែមានកំណើនខ្ពស់។
លោកថា ”ឆ្នាំ២០២២នេះ ខ្ញុំមានក្ដីរំពឹងខ្ពស់ពីការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្ដោយផ្លូវ៥១ ដោយសារតែគម្រោងធំៗរបស់វិនិយោគិនក្នុងស្រុកចាប់ផ្ដើម ដែលជាទំនុកចិត្តដល់ប្រជាពលរដ្ឋនិងវិនិយោគិនដទៃទៀត”។
លោកបន្តថា បច្ចុប្បន្ននេះគម្រោងបុរីរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានចាប់ផ្ដើមអភិវឌ្ឍន៍បណ្ដើរៗ ហើយគម្រោងរោងចក្ររបស់អ្នកឧកញ៉ាពុង ឃាវសែក៏បានចេញជារូបរាងដែរ នោះសក្ដានុពលលើការអភិវឌ្ឍវិស័យឧស្សាហកម្មនឹងកាន់តែមានភាពមមាញឹក។ នៅពេលដែលតំបន់នោះមានការរីកចម្រើនលើឧស្សាហកម្ម នឹងមានប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកាន់តែច្រើន ដើម្បីបំពេញការងារ និងធ្វើអាជីវកម្មបំពេញតម្រូវការឱ្យបុគ្គលិកកម្មករក្នុងរោងចក្រ ដូច្នេះតម្រូវការលំនៅឋាននឹងមានកំណើនដោយស្វ័យប្រវត្តិ។
លោកបន្ថែមថា ពេលនេះ យើងក៏បានមើលឃើញថា សកម្មភាពនៃការអភិវឌ្ឍលំនៅឋាននៅតំបន់ផ្លូវ៥១ បាននិងកំពុងរើបឡើងវិញ ក្នុងនោះតម្រូវការដីឡូត៍សម្រាប់សង់ផ្ទះនឹងមានសន្ទុះងើបឡើងវិញដែរ ក្នុងឆ្នាំ២០២២។
លោកសន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ក៏បានឱ្យដឹងថា តំបន់ប៉ែកខាងលិចភ្នំពេញ ជាពិសេសនៅតំបន់តាមបណ្ដោយផ្លូវ៥១នឹងមានសក្ដានុពលកាន់តែខ្លាំង ក្នុងចំណោមតំបន់អភិវឌ្ឍន៍ថ្មីៗ ដោយសារតំបន់នោះជាតំបន់ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលទៅក្រៅប្រទេសទាំងតាមផ្លូវគោកនិងផ្លូវទឹក។ អ្នកវិនិយោគអចលនទ្រព្យ ដែលចង់បានប្រាក់ចំណេញឆាប់អាចសម្លឹងមើលការវិនិយោគរបស់ខ្លួននៅតំបន់ទាំងនោះបាន៕