អ្នកជំនាញ៖ អចលនទ្រព្យតំបន់អរិយក្សត្រចាប់ផ្តើមកម្រើក ក្រោយស្ងប់ស្ងាត់រយៈពេល២ឆ្នាំ

0

ដោយ៖ សុធារី

កណ្តាល៖ ក្រោយដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសពីគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ឬស្ពានស្វាយជ្រុំ អ្នកជំនាញអចលនទ្រព្យមើលឃើញថា តំបន់អរិយក្សត្រកំពុងតែកម្រើកឡើងវិញ ក្រោយពីស្ងប់ស្ងាត់ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា ដំណឹងនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ គឺជាសញ្ញាបង្ហាញពីសក្ដានុពលនៃតំបន់នោះឡើងវិញ បន្ទាប់ពីខកខានប្រមាណជា២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។

លោកឧកញ៉ាបន្តថា បន្ទាប់ពីមានគម្រោងនេះតម្លៃអចលនទ្រព្យក្នុងតំបន់អរិយក្សត្រ មិនហក់ឡើងខ្លាំងបន្ថែមទៀតទេ ដោយសារតែ៣ឆ្នាំចុងក្រោយនេះ តម្លៃដីធ្លីបានឡើងថ្លៃរួចទៅហើយ ប៉ុន្ដែគម្រោងនេះ បានជួយឱ្យតម្លៃដីធ្លីមានភាពល្អប្រសើរ ដោយរក្សាបានតម្លៃយ៉ាងល្អ មានន័យថា មិនឡើងតាមមាត់ និងមិនចុះតាមមាត់។

លោកឧកញ៉ាបន្ថែមថា ”តំបន់អរិយក្សត្រជាតំបន់ដ៏ល្អ ដោយដីមានទំហំធំ និងជាតំបន់អាចសាងសង់លំនៅដ្ឋាន តម្លៃក្រោមមធ្យមបាន។ ចំពោះគម្រោងសាងសង់ស្ពាននេះនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែសម្រុកទៅទិញអចលនទ្រព្យ ក្នុងតំបន់នោះបន្ថែមទៀត។ លើសពីនេះនឹងជួយឱ្យគម្រោងនានា ដែលបានរាំងស្ទះប្រមាណ២ឆ្នាំមកនេះ ចាប់ផ្ដើមសកម្មភាពឡើងវិញ ជាក់ស្ដែងបច្ចុប្បន្នតំបន់អរិយក្សត្រមានការសាងសង់បុរីជាច្រើន”។

លោកឧកញ៉ាបានបង្ហាញពីភាពវិជ្ជមានថា បន្ទាប់ពីមានស្ពាននឹងមានការអភិវឌ្ឍន៍ជាច្រើនដូចជា ការអភិវឌ្ឍន៍ខុនដូ ការអភិវឌ្ឍន៍រោងចក្រ និងការអភិវឌ្ឍន៍លើវិស័យផ្សេងៗជាច្រើនទៀត។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានថ្លែងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អរិយក្សត្រ ដូច្នេះនៅពេលមានការ សាងសង់ស្ពាននេះឡើង នោះវិស័យដីធ្លីនឹងហក់ឡើងថ្លៃថែមមួយកម្រិត។ ការហក់ឡើងថ្លៃនេះក៏អាស្រ័យលើតំបន់។ ប្រសិនតំបន់ដីជាប់ផ្លូវធំតម្លៃដីក៏ហក់ឡើងខ្លាំង ប៉ុន្ដែទោះជាយ៉ាងនេះក្ដីចំពោះតម្លៃ ក៏មិនហក់ឡើងខ្លាំងណាស់ណានោះទេ ដោយសារតែតំបន់អរិយក្សត្រនេះ តម្លៃដីគឺស្ថិតក្នុងតម្លៃមួយដែលថ្លៃល្មមដែរហើយ។

លោកឧកញ៉ាបញ្ជាក់ថា “តំបន់អរិយក្សត្រជាតំបន់មានសក្ដានុពលខ្លាំងលើវិស័យដីធ្លី ដោយសារតែតំបន់ស្របនឹងទីក្រុងភ្នំពេញ ស្របនឹងទន្លេបួនមុខ ហើយក៏ស្របនឹងមុខវាំង ដែលជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាចទាក់ទាញបានទាំងភ្ញៀវជាតិ និងអន្ដរជាតិ ព្រោះថាមានទន្លេបួនមុខ ស្ថិតនៅចំចំណុចកណ្ដាលនៃមុខវាំង ហើយជាចំណុចទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here