ដោយ៖ សុផារី
ភ្នំពេញ៖ គម្រោងខុនដូទំនើបថ្មីមួយ ឈ្មោះថា ONE70 ដែលមានកម្ពស់៣៧ជាន់ បាននឹងកំពុងលេចរូបរាងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ដែលជាទីតាំងមានសក្តានុពលកណ្តាលក្រុង។
លោក តាំង ម៉េងហ៊ុយ បុគ្គលិកផ្នែកលក់របស់គម្រោងនេះបានមានប្រសាសន៍ថា គម្រោង ONE70 ជាគម្រោងខុនដូទំនើបដែលមាន៣៧ជាន់ និងជាគម្រោងទទួលបានការវិនិយោគពីសំណាក់វិនិយោគិនចិន ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ចិនឈ្មោះថា New Moment Real Estate Development Co., Ltd។
គម្រោងខុនដូនេះមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ តាមបណ្តាយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានចាប់ផ្តើមការសាងសង់តាំងពីឆ្នាំ២០១៩ និងបាននិងកំពុងបន្តការសាងសង់បន្ថែមទៀត។ បើតាមប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះ ការសាង់សង់សម្រេចបានជាង៥០ភាគរយហើយ (ដល់ជាន់ទី២០) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងខុនដូថ្មីនេះដែលកំពុងសាងសង់ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ONE70 រួមមានខុនដូជាច្រើនប្រភេទ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារលើអាកាស ស្កាយបារ និងចំណតរថយន្តដ៏ធំទូលាយ។ សម្រាប់តម្លៃខុនដូក្នុងមួយយូនីត ចាប់ផ្តើមពី៦៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ឡើងទៅ។
គម្រោង ONE70 បានចាប់់ផ្តើមបើកលក់បណ្តើរៗហើយ ដោយក្រុមហ៊ុនគ្រោងនឹងបើកសម្ភោធការិយាល័យលក់នៅក្នុងខណ្ឌដូនពេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ៕