អគារមន្ទីរពេទ្យតេជោ សែន កោះធំ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ

0

ដោយ៖សុផារី

កណ្តាល៖ គម្រោងសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលមានទំហំផ្ទៃអគារសរុប១២.៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ។

កម្មវិធីនេះត្រូវបានធ្វើឡើង ដោយមានការចូលរួមពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងបុគ្គលិកជាច្រើនរូប។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមពីសារសំខាន់នៃកត្តាសុខសន្តិភាព ដែលផ្ដល់ឱកាសឱ្យយើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ទាក់ទាញទេសចរណ៍មកលេងកម្ពុជា នាំយកផលិតផលទៅលក់នៅបរទេសបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ។

បើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកាបានមកពីការចូលរួមវិភាគទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ប្រមាណ៦លាន២សែនដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យគ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។

ជាពិសេស មន្ទីរពេទ្យនេះត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោ សែន កោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១)អគារមន្ទីរពេទ្យ ចំនួន០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១០០០ ម៉ែត្រការ៉េ ៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប១០០០ ម៉ែត្រការ៉េ។

អគារទាំង០៣ ខាងលើមានទំហំសរុបស្មើនឹង១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here