ដោយ៖ សុខុម
សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Chemical Corp បានប្រកាសនៅថ្ងៃសុក្រ ទី៧ ខែមករានេះថា ខ្លួនគ្រោងបោះទុនវិនិយោគរហូតដល់ទៅ៣,៩ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រគីមីឥន្ធនៈដ៏ធំមួយនៅប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមហ៊ុនមួយនេះបានចេញសេចក្តីថ្លែងការណ៍ថា គោលដៅផលិតកម្មសម្រាប់ពាណិជ្ជកម្មនៃគម្រោងនេះគឹនៅឆ្នាំ២០២៥ ហើយមានបំណងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំឱ្យបានប្រមាណ២,០៦ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Lotte Chemical បានគូសបញ្ជាក់ថា រោងចក្រនេះនឹងមានទីតាំងស្ថិតនៅក្នុងខេត្តបានតេន (Banten) ប្រទេសឥណ្ឌូនេស៊ី ហើយមានគម្រោងផលិតអេទីឡែន (Ethylene) ឱ្យបាន១លានតោន ប្រូពីឡែន (Propylene) ឱ្យបាន៥២០.០០០តោន និងប៉ូលីប្រូពីឡែន (Polypropylene) ឱ្យបាន២៥០.០០០តោនក្នុងមួយឆ្នាំ ព្រមទាំងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជាប្រេងម៉ាស៊ូតជាដើម។
ក្រុមហ៊ុន Lotte Chemical បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ហើយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់ Lotte Engineering & Construction និង Hyundai Engineering ដែលទទួលសាងសង់រោងចក្រនេះ៕