ដោយ:ម៉ាលីស
ភ្នំពេញ: ការវិនិយោគអចលនទ្រព្យជាមុខរបរពេញនិយមនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន។ ដូចនេះតើត្រូវធ្វើយ៉ាងណា ទើបក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ?
យោងតាមសៀវភៅ ”វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានបកស្រាយឱ្យដឹងថា ដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ គួរសិក្សាលើកត្តាមួយចំនួនដូចខាងក្រោម៖
១.រៀនសិនមុនចាប់ផ្ដើមកម្មវិធីនិយោគ: កុំធ្វើអ្វីមួយដែលគ្មានចំណេះដឹង វាប្រឈមមុខនឹងការខាតបង់ ហើយពិបាកនឹងស្តារឡើងវិញណាស់ ដូចនេះបងប្អូនទៅរៀនសូត្រសិនមុនចាប់ផ្ដើមវា។ ការរៀននិងបន្តអភិវឌ្ឍចំណេះដឹងគ្មានទីបញ្ចប់រៀនផង អនុវត្តផង ដើម្បីក្លាយជាអ្នកជំនាញទើបរីកចម្រើននឹងមានឱកាសទទួលបានប្រាក់ចំណេញជាអតិបរមា។
២.គោលបំណងជាក់លាក់ដើម្បីទទួលបានផលចំណេញជាអតិបរមា: ត្រូវមានគោលបំណងជាក់លាក់ ដើម្បីអោយការវិនិយោគនេះទទួលបានប្រាក់ចំណេញច្រើនតាមតែអាចធ្វើទៅបាន មិនមែនវិនិយោគព្រោះតែចង់មានដី ឬផ្ទះលំហែ សម្រាប់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកឲ្យតែមានអចលនទ្រព្យនឹងគេដែរនោះទេ។ នៅពេលដែលយើងមានគោលបំណងត្រឹមតែលំហែ ឬជាចំការ ប្រាកដណាស់អចលនទ្រព្យដែលយើងទិញ មិនមានការទទួលបានប្រាក់ចំណេញខ្ពស់នោះទេ ការដឹងពីព័ត៌មានច្បាស់លាស់ វិភាគចំនេញ ខាត ដោយប្រើខួរក្បាល រឺប្រើតួរលេខ មិនប្រើអារម្មណ៍ ឬប្រើបេះដូងដើម្បីទិញនោះ ប្រាកដណាស់យើងនឹងមានឱកាសចំណេញបានច្រើន។
៣. ជ្រើសរើសតំបន់ ឬគម្រោងដែលមានសក្កានុពលខ្ពស់ហើយផ្ដោត: ជាអ្នកវិនិយោគ ក៏មិនខុសពីភ្នាក់ងារអចលនវត្ថុដែរ នៅពេលចាប់ផ្ដើម ត្រូវផ្តោតតំបន់ណាមួយអោយច្បាស់ហើយ ចងបណ្ដាញនៅតំបន់នោះ ប្រើយុទ្ធសាស្ត្រផ្ការីក។ ចង់បានអចលនទ្រព្យល្អ តម្លៃក្រោមទីផ្សារ មិនមានយើងមានលុយ ហើយចុះទៅទិញដូចទិញត្រី ឬបន្លែពីផ្សារមកទេ គឺត្រូវអត់ធ្មត់រង់ចាំទើបឍឱកាសល្អនឹងមកដល់។ ម្យ៉ាងទៀតដោយសារកត្តាធនធាននិងពេលវេលាមានកំណត់ ដូចនេះហើយអ្នកវិនិយោគត្រូវតែផ្តោត តាមតំបន់សក្តានុពលដែល យើងបានកំណត់។
៤.ចងបណ្តាញ: ចងក្រងបណ្ដាញក្នុងតំបន់គោលដៅ របស់យើងដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជាជាមួយនឹងអាជ្ញាធរមូលដ្ឋាន អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុជំនាញ រឺអ្នកគួកជេរដែលអាចជឿទុកចិត្តបាន ដើម្បីដឹងពីគម្រោងអភិវឌ្ឍន៍នានា និងអចលនទ្រព្យ ដែលដាក់លក់បន្ទាន់ រឺអចលនទ្រព្យនៅទីតាំងល្អៗ។
៥. មានផែនការរយៈពេលវែងនិងផែនការហិរញ្ញវត្ថុ: សម្រាប់អ្នកវិនិយោគផ្ទះត្រូវការពេលវេលាពី ២ទៅ ៣ឆ្នាំ ឯដីធ្លី ត្រូវការរយៈពេលវែងចាប់ពី ៥ឆ្នាំឡើង រហូតដល់១០ទៅ ១៥ឆ្នាំឬលើសនេះទៀតក៏មាន ដូចនេះត្រូវមានផែនការហិរញ្ញវត្ថុឲ្យសមស្របនិងពេលវេលា ដែលយើងបានកំណត់នោះដែរ។ ប្រសិនបើគ្មានផែនការជាក់លាក់ គ្មានផែនការហិរញ្ញវត្ថុសម្រាប់រយៈពេលវែង ប្រាកដជាត្រូវបង្ខំចិត្តលក់វិញ ជាមួយនឹងតម្លៃដើម ឬចំណេញតិចតួច នៅពេលខ្លះលក់ខាតផងក៏មានដែរ។
៦. ដឹងពីពេលវេលាត្រូវទិញ និងពេលវេលាចាកចេញ: ទិញនៅពេលទីផ្សារស្ងាត់ ហើយលក់វិញនៅពេលទីផ្សារឈូឆរ រឺដល់ចំណុចខ្ពស់។ ជាធម្មតាសម្រាប់អ្នកជួញដូរអចលនទ្រព្យ គឺពួកគាត់ទៅទិញនៅពេលដែលគេផ្អើលហើយប៉ុណ្ណោះ ព្រោះតែគាត់គ្មានបណ្ដាញ រឺប្រភពព័ត៌មាន។ បន្ថែមលើផែនការរយៈពេលវែងខាងលើ យើងត្រូវដឹងពីទីផ្សារតំបន់និងដល់ចំណុចកំពូលហើយពេលណា ត្រូវចាកចេញពេលណា អ្នកខ្លះមិនព្រមលក់ទេ ទោះជាទីផ្សារជិតដល់កំពូល រឺដល់កំពូលហើយ ដែលវាដល់ពេលនឹងឡើងយឺត ឬចិត្តដល់ពេលធ្លាក់ចុះមកវិញហើយ។ សូមប្រុងប្រយ័ត្នទីផ្សារនៅស្រុកយើង ពិបាកនឹងទុកចិត្តណាស់ នៅពេលដែលអាចជាយុទ្ធសាស្ត្រ ដែលអ្នកមានដីធំៗប្រើសំរាប់លក់ដីគេចេញវិញក៏មានដែរហើយ យើងទិញគឺមានតម្លៃថ្លៃបាត់ទៅហើយ បន្ទាប់ពីផ្អើលហើយ ទីផ្សារអាចនឹងចាប់ផ្ដើមស្ងាត់វិញក៏មាន៕