ដោយ៖ ស្រីលិះ
ថៃ៖ បើយោងតាមការសិក្សាមួយរបស់ Terra Media and Consulting នៅក្នុងប្រទេសថៃ បានបញ្ជាក់ថា មនុស្សដែលស្ថិតក្នុងជំនាន់អាយុខុសគ្នាមានតម្រូវការនិងនិន្នាការនៃការទិញផ្ទះដែឡខុសគ្នា។
មនុស្សក្នុងជំនាន់ Gen Y (អាយុ ២៦-៤១ឆ្នាំ) និង Gen Z (១០-២៥ឆ្នាំ) ដែលភាគច្រើនអតិថិជនទិញផ្ទះ នៅតែមានការព្រួយបារម្ភលើស្ថិរភាពប្រាក់ចំណូល និងភាពមិនប្រាកដប្រជាក្នុងពេលអនាគត ខណៈពេលដែលម្ចាស់អចលនទ្រព្យដែលស្ថិតក្នុងជំនាន់អាយុ Gen X (៤២-៥៧ឆ្នាំ) ហាក់ដូចជាមិនសូវប៉ះពាល់ពីវិបត្តិជំងឺឆ្លងនេះ។
នាយកគ្រប់គ្រង Terra Media and Consulting លោកស្រី Sumitra Wongpakdee បានមានប្រសាសន៍ថា កូវីដ១៩ ប៉ះពាល់កាន់តែខ្លាំងលើអ្នកដែលមានអាយុក្រោម៤០ឆ្នាំ ដោយសារមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅមានភាពចាស់ទុំជាង ហើយអាចសម្របទៅតាមស្ថានភាពបាន។
លោកស្រីថា “ក្រោយឆ្នាំ២០២០ ក្រុមអ្នកទិញផ្ទះ Gen X បានងើបឡើងវិញពីផលប៉ះពាល់ ហើយត្រលប់ទៅប្រើប្រាស់ជីវិតធម្មតារបស់ពួកគាត់វិញ។ អ្នកទិញផ្ទះ ដែលស្ថិតក្នុងជំនាន់អាយុនេះ បានរងផលប៉ះពាល់តិចតួចលើប្រាក់ចំណូលរបស់ពួកគេ។ ពួកគេនៅតែសម្លឹងមើលការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយដែលផ្តល់ជូនដោយអ្នកអភិវឌ្ឍន៍។”
ទោះជាយ៉ាងណាក្តី លោកស្រី Sumitra បាននិយាយថា Gen Y និង Z នៅតែទទួលរងពីជំងឺរាតត្បាតដោយប្រឈមនឹងអត្រាប្រាក់ចំណូលទាបនិងភាពមិនច្បាស់លាស់នៃអាជីវកម្ម។ លោកស្រីថា “Gen Y និង Z មានការព្រួយបារម្ភក្នុងការធ្វើឱ្យមានតុល្យភាពតម្រូវការរបស់ពួកគេ។ ពួកគេបានចំណាយពេលយូរដើម្បីពិចារណាការទិញ ដោយពន្យារពេលការសម្រេចចិត្តទិញរហូតដល់មួយឆ្នាំ”។
Terra Media បានធ្វើបទសម្ភាសន៍ស្រាវជ្រាវទីផ្សារនៅថ្ងៃទី ២២-២៥ ខែវិច្ឆិកា ក្នុងចំណោមក្រុមផ្តោតសំខាន់ចំនួន៧ ដែលរួមមានសមាជិក Gen X, Y និង Z ដែលមានអាយុពី ២២-៥៣ ឆ្នាំ ដែលមានបំណងទិញខុនដូ ផ្ទះជួល ឬផ្ទះតែមួយក្នុងរយៈពេលពីរឆ្នាំ។ Gen X និង Y មានប្រាក់ចំណូលផ្ទាល់ខ្លួនច្រើនជាង ១,៥០០ដុល្លាអាមេរិក ក្នុងមួយខែ ខណៈ Gen Z មានយ៉ាងហោចណាស់១,០០០ ដុល្លាអាមេរិក ក្នុងមួយខែ។
យោងតាមការស្រាវជ្រាវនេះបានបង្ហាញថា ជំងឺរាតត្បាតកូវីដ១៩ មានផលប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការទិញផ្ទះថ្មីរបស់ជំនាន់អាយុនីមួយៗ។
អ្នកទិញផ្ទះ Gen Z មានភាពមិនច្បាស់លាស់អំពីអនាគត ហើយពួកគេភាគច្រើនត្រូវការស្វែងរកការងារទីពីរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែចង់ទិញផ្ទះមួយ ព្រោះវាត្រូវបានគេមើលឃើញថាជាកន្លែងសុវត្ថិភាពសម្រាប់ធ្វើការ និងសម្រេចបាននូវគោលដៅរបស់ពួកគេ។
Gen Y ដែលប្រាក់ចំណូលមានស្ថេរភាពជាង ប្រឈមនឹងប្រាក់ចំណូលទាប និងសុវត្ថិភាពការងារ ប៉ុន្តែវិបត្តិមិនបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើការកាន់កាប់អចលនទ្រព្យទេ ដោយសារអចលនទ្រព្យត្រូវបានគេមើលឃើញថាជាសន្តិសុខរយៈពេលវែង។
ទន្ទឹមនឹងនេះដែរ Gen X ពិចារណាទិញផ្ទះ ដោយសារផ្តល់អត្រាការប្រាក់ ដែលមានតម្លៃថោក ហើយ នៅពេលជ្រើសរើសផ្ទះ Gen X បាននិយាយថាពួកគេត្រូវការកន្លែងមួយ ដើម្បីចំណាយពេលជាមួយគ្រួសារ និងធ្វើការពីផ្ទះបាន៕