អ្នកជំនាញប្រាប់កត្តាសំខាន់ៗចំនួន៤ដែលធ្វើឱ្យភ្នាក់ងារអចលនទ្រព្យបរាជ័យក្នុងការលក់

0

ដោយ៖ សុធារី

ភ្នំពេញ ៖ មានមនុស្សមិនតិចនាក់នោះទេ ដែលជាពិសេសអ្នកដែលប្រឡូកការងារជាភ្នាក់ងារលក់អចលនទ្រព្យតែងត្អូញត្អែរ ពីការធ្លាក់ចុះនៃការលក់របស់ខ្លួនដោយដាក់បន្ទុកទៅលើវិបត្តិជំងឺកូវីដជាសំខាន់ រហូតមានអ្នកខ្លះស្ទើរបោះបង់ចោលការងារហើយងាកទៅរកអាជីពថ្មីជំនួសក៏មាន។

លោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEY THMEY Real Estate បានទទួលស្គាល់ថា នៅក្នុងបរិបទនេះ មិនមែនមានតែវិស័យអចលនទ្រព្យឬទីផ្សារទិញលក់អចលនវត្ថុនោះទេ ដែលទទួលរងនូវផលប៉ះពាល់ ពោលគឺស្ទើរតែគ្រប់វិស័យទាំងអស់ ដែលមានការធ្លាក់ចុះ ប៉ុន្តែសម្រាប់អ្នកដែលមានជំនាញ មានភាពឆ្លាតវៃនៅតែអាចលក់បានគ្រាន់តែមានចំនួនតិចជាងពេលមុនតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “ភាគច្រើនភាពបរាជ័យរបស់ភ្នាក់ងារ គឺកើតចេញពីកត្តាសំខាន់ៗចំនួន៤គឺទី១ ខ្វះខាតផ្នែកចំណេះដឹងពីទីផ្សារដែលពាក់ព័ន្ធ ទី២ ខ្វះជំនាញផ្នែកទំនាក់ទំនងទី៣ ខ្វះស្មោះត្រង់ និងភាពអត់ធ្មត់ និងទី៤ ខ្វះភាពជំនាញក្នុងការប្រើប្រាស់បណ្តាញសង្គមដែលជាមធ្យោបាយមួយយ៉ាងសំខាន់និងចាំបាច់បំផុតសម្រាប់ជាជំនួយដល់ការលក់នៅពេលបច្ចុប្បន្ន”។

លោកបានបញ្ជាក់ថា នៅក្នុងទីផ្សារអចលនទ្រព្យមានក្រុមហ៊ុនចុះបញ្ជីនិងមិនចុះបញ្ជីសរុប មិនក្រោម៣០០ក្រុមហ៊ុននោះទេ ហើយមានភ្នាក់ងារលក់ រាយរាប់ពាន់នាក់ដែលកំពុងប្រតិបត្តិនៅក្នុងទីផ្សាររួម ដែលកំពុងជួបបញ្ហា ប៉ុន្តែជាលទ្ធផលក្នុងចំណោមអ្នកទាំងនោះនៅតែមានអ្នកខ្លះអាចទទួលបានផលប្រយោជន៍ប្រាក់ចំណេញពីការងារជាភ្នាក់ងាររបស់ពួកគេ ដែលកើតចេញពីភាពឆ្លាតវៃ ជំនាញនិងកិច្ចទំនាក់ទំនង។

លោកបានបញ្ជាក់ថា មិនថាចំពោះការផ្សព្វផ្សាយលក់គម្រោងខុនដូ គម្រោងលំនៅដ្ឋាន ឬជាគម្រោងដីឡូតិ៍នៅតាមតំបន់ជាយក្រុងនិងតាមបណ្តាខេត្តនោះទេ ប្រសិនបើខ្វះចំណុចណាមួយនៅក្នុងចំណោមទាំង៤ខាងលើនេះនោះភាពជោគជ័យទៅលើការលក់គម្រោងអាចនឹងពិបាកទទួលបានបន្តិច។ ដូច្នេះ សម្រាប់អ្នកដែលមានអាជីព និងកំពុងអនុវត្តនៅក្នុងទីផ្សារមួយនេះត្រូវបំពេញនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែម ដើម្បីអាចឈានទៅរកការសម្រេចគោលដៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here