ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកឈរជើងក្នុងទីផ្សារកម្ពុជាអស់រយៈកាល៤ទសវត្សរ៍មកហើយ កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការវិនិយោគលើអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់ “ជីប ម៉ុង ថៅវើ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់។
បើតាមក្រុមហ៊ុន អគារជីប ម៉ុង ថៅវើ នេះសាងសង់ដោយទុនវិនិយោគប្រមាណ២៣០លានដុល្លារសហរដ្ឋអាមេរិក បានបញ្ចុះបឋមសិលាបើកការដ្ឋានកាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ គិតត្រឹមដើមឆ្នាំ២០២២នេះ អគារបានសម្រេចការសាងសង់ជាង៦០% និងកំពុងត្រៀមខ្លួនឈានទៅដល់ការបង្អួតខ្លួនជាផ្លូវការនាចុងឆ្នាំ២០២២នេះ។
អគារកម្ពស់ ១៨៥ ម៉ែត្រនេះ នឹងប្រមូលផ្ដុំទៅដោយពាណិជ្ជកម្មចម្រុះដោយក្នុងនោះនឹងមានវត្តមានសំខាន់ៗដូចជាសណ្ឋាគារលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បូករួមនឹងពាណិជ្ជកម្មធំពីររបស់ជីប ម៉ុង គឺ ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង។
នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏នឹងមានលក្ខណៈដ៏សម្បូរបែបដូចជា ការិយាល័យទំនើប រោងភាពយន្តខ្នាតធំ និងពាណិជ្ជកម្មផ្សេងៗទៀតដែលនឹងចូលរួមពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគជាតិនិងអន្តរជាតិ ក៏ដូចជាដើម្បីឆ្លើយតបនឹងបរិបទនៃការរស់នៅបែបថ្មីទំនើបទាន់សម័យ តាមរយៈការផ្សារភ្ជាប់ផ្នែកបដិសណ្ឋារកិច្ច ការបំពេញការងារ ការកម្សាន្ត និងបណ្ដុំពាណិជ្ជកម្មនានា ក្រោមដំបូលអគារតែមួយ៕