ស្ពានមិត្តភាពកម្ពុជា កូរ៉េ ស្វាយជ្រុំគ្រោងនឹងចា់បផ្ដើមសាងសង់នៅឆ្នាំក្រោយ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនៅចំនុចស្វាយ ជ្រុំ បានសិក្សាជិតចប់រួចរាល់ហើយ នឹងគ្រោងសាងសង់នៅឆ្នាំ២០២៣ខាង​មុខនេះ។

ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋមកាន់រាជធានី និងពីរាជធានីទៅកាន់អរិយក្សត្រ និងតំបន់ត្រើយខាងកើតទន្លេ ។ នេះបើតាមលោកស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។

លោកបន្តថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងសិក្សាពីផលប៉ះពាល់និងការចំណាយ ដោយក្នុងនោះការសិក្សាមានជម្រើសពីរ ទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ខណ្ឌជ្រោយចង្វារទៅកាន់ស្វាយជ្រុំតែម្ដង និងជម្រើសទី២ ត្រូវភ្ជាប់ពីម្ដុំផ្សារចាស់ ទៅសណ្ឋាគារសុខាភ្នំពេញ ត្រើយខាងកើត រួចហើយភ្ជាប់បន្តទៅកាន់អរិយក្សត្រ ហើយជម្រើសទី២នេះ ត្រូវសង់ស្ពានចំនួន២ទើបទៅដល់ស្វាយជ្រុំ។

លោកបន្តថា “សម្រាប់ការជ្រើសរើសយកជម្រើសណាមួយនោះ គឺត្រូវសិក្សាលើផលប៉ះពាល់តិចតួច និងចំណាយថវិកាតិចជាជម្រើសអាទិភាព”។

លោកស៊ុន ចាន់ថុលបានលើកឡើងថា ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិ និងធ្វើឱ្យការចំណាយរបស់រដ្ឋាភិបាលកើនឡើងខ្ពស់ក្ដី ក៏កម្ពុជានៅតែសន្សំថវិកា ដើម្បីសាងសង់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងថា បើសិនជាគ្មានកូវីដ១៩ទេ កម្ពុជាអាចសល់ថវិកាសង់ស្ពានបានរហូតដល់ជិត២០ស្ពានឯណោះ ហើយដោយសារតែកូវីដ១៩នេះ ទើបគម្រោងសាងសង់ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវពន្យារនិងអាក់ខាន ដើម្បីយកថវិកាមកដោះស្រាយបញ្ហាចំពោះមុខវិញ។

សម្រាប់គម្រោងសាងសង់ស្ពាន ទៅកាន់តំបន់ស្វាយជ្រុំនេះដែរ ក៏នឹងជំរុញឱ្យសក្ដានុពល នៃការវិនិយោគអចលនទ្រព្យដីធ្លី នៅតំបន់នោះនឹងមានសន្ទុះ និងកំណើនមួយកម្រិតទៀតដែរ និងជឿជាក់ថាតំបន់នោះ នឹងមានការអភិវឌ្ឍលឿនរហ័ស ស្របពេលតំបន់អរិយក្សត្រស្វាយជ្រុំ ក៏ស្ថិតនៅមិនឆ្ងាយពីភ្នំពេញ គ្រាន់តែបច្ចុប្បន្ននេះ រាល់ការធ្វើដំណើរត្រូវឆ្លងសាឡាង និងមានភាពយឺតយ៉ាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here