ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ អស់រយៈពេលជាង២ខែមកហើយដែលរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ក្រោយស្ថានភាពកូវីដ១៩បានធូរស្រាល ប៉ុន្តែសកម្មភាពនៃការវិនិយោគសកម្មភាពអាជីវកម្មនៅតាមវិស័យមួយចំនួននៅតែប្រឈមនឹងបញ្ហាដដែល ជាក់ស្ដែងតម្រូវការជួលអចលនទ្រព្យដូចជា ដីធ្លី ផ្ទះខុនដូ អគារការិយាល័យមានកំណើនតិចតួចប៉ុណ្ណោះ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ក្រោយពេលកម្ពុជាបានបើកប្រទេសឡើងវិញ សកម្មភាពអាជីវកម្មក៏ដូចជាការវិនិយោគនានា បានចាប់ផ្ដើមឡើងវិញ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយទេ។ ក្នុងនោះ តម្រូវការនៃការជួលអចលនទ្រព្យពីសំណាក់វិនិយោគិននិងអាជីវករក្នុងស្រុកឃើញថាចាប់ផ្ដើមមានតិចតួចឡើងវិញ មិនទាន់មានច្រើនទេ ដោយសារតែវិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមកកម្ពុជាបានច្រើនដូចមុនវិបត្តិ ដូច្នេះតម្រូវការទាំងនោះភាគច្រើនគឺជាអ្នកក្នុងស្រុក។
លោកបន្តថាម្យ៉ាងវិញទៀត វិបត្តិបានអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ អញ្ចឹងហើយនៅពេលបើកប្រទេសវិញភ្លាមៗ ក៏មិនទាន់អាចមានសកម្មភាពខ្លាំងភ្លាមដែរ។ ត្រឹមរយៈពេលជាង២ខែ ពោលគឺចាប់ពីដើមខែវិច្ឆិកា២០២១កន្លងទៅ គឺជារយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ធ្វើឱ្យវិស័យសេដ្ឋកិច្ចយើងមានសន្ទុះខ្លាំង យើងត្រូវការពេលវេលា។
លោកបន្ថែមថា ស្ថានភាពកូវីដ១៩ចាស់ៗមិនទាន់ចប់ស្រួលបួលផង យើងក៏ជួបជាមួយនឹងកូវីដ១៩ប្រភេទអូមីក្រុងថ្មីបន្ថែមទៀត ដែលធ្វើឱ្យសកម្មភាពនៃការវិនិយោគមកពីបរទេសបន្តប្រឈមនឹងបញ្ហា។ ដូច្នេះហើយការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះ ក៏នៅតែបន្តរំពឹងទៅលើវិនិយោគិនក្នុងស្រុកនិងអតិថិជនក្នុងស្រុកដដែល ដូចជាការអភិវឌ្ឍបុរី សំណង់លំនៅឋាន និងខុនដូផ្ដោត ជាដើម។
យ៉ាងណាក្ដីលោករំពឹងថា អូមីក្រុងនឹងមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរដូចកាលឆ្នាំ២០២១នោះទេ ព្រោះ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការនិងបទពិសោធន៍ក្នុងការទប់ស្កាត់និងប្រឆាំងវារួចហើយ។
លោកឡុង គឹមសួគ៌អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបក៏បានឱ្យដឹងផងដែរថា ការវិនិយោគឆ្នាំ២០២២នេះ អាចនឹងមានកំណើនតិចតួច មិនអាចស្ទុះងើបឡើងលឿនដូចមុនកូវីដ១៩នោះទេ។ តែយ៉ាងណាការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាមិនបានផ្អាកសកម្មភាពទាំងស្រុងនោះឡើយ ពោលសកម្មភាពនៅតែមានជាបន្តបន្ទាប់ ដដែល៕