ដោយៈកុសមា
បរទេស: ប្រសិនបើអ្នកកំពុងស្វែងរកការបញ្ជាទិញ ធម្មតារបស់អ្នកនៅ KFC ក្នុងប្រទេសអូស្ត្រាលី ឬ McDonald’s ក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ អ្នកប្រហែលជាខកចិត្ត។
សង្វាក់អាហាររហ័សចំនួនពីរ កំពុងជួបប្រទះកង្វះខាតសាច់មាន់ស្រស់ និងនំបំពងបារាំងរៀងៗខ្លួន ដោយបង្ខំឱ្យពួកគេកាត់បន្ថយនូវមុខម្ហូបធម្មតាមួយចំនួនក្នុងខែនេះ។
ក្រុមហ៊ុនទាំងពីរសន្មតថា ការធ្លាក់ចុះនៃខ្សែសង្វាក់ផ្គត់ផ្គង់ បានកំពុងវាយលុកភោជនីយដ្ឋានផ្សេងទៀតនៅជុំវិញពិភពលោក។
នៅឯប្រទេសអូស្ត្រាលីKFC បាននិយាយថា ខ្លួនបានដកចេញជាបណ្ដោះអាសន្ននូវមុខទំនិញមួយចំនួន ពីមុខម្ហូបនៅទីតាំងមួយចំនួនទូទាំងប្រទេស ដោយសារខ្លួនព្យាយាម ស្វែងរកការផ្គត់ផ្គង់គ្រឿងផ្សំដ៏សំខាន់បំផុតរបស់វា(សាច់មាន់ស្រស់)។ នេះដោយសារតែអ្នកផ្គត់ផ្គង់របស់ខ្លួនកំពុងរងគ្រោះដោយការខ្វះខាតបុគ្គលិក ទាក់ទងនឹងជំងឺCovid-19។
យើងកំពុងធ្វើការ ជាមួយអ្នកផ្គត់ផ្គង់ជាច្រើនរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្តល់ការគាំទ្រដល់ពួកគេ ប៉ុន្តែយើងគិតថាការរំខានមួយចំនួន នឹងបន្តនៅក្នុងសប្តាហ៍ខាងមុខនេះ” អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់ CNN Business ។
KFC មិនបានបញ្ជាក់ថា មុខម្ហូបក្នុងម៉ឺនុយមួយណា ត្រូវបានប៉ះពាល់ ឬ អ្នកផ្គត់ផ្គង់ណាខ្លះរបស់ខ្លួន កំពុងជួបបញ្ហានោះទេ។
ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រុមហ៊ុនកែច្នៃបសុបក្សីអូស្ត្រាលី Ingham’s ដែលមានកិច្ចសហការជាមួយក្រុមហ៊ុន Fast food យក្សមួយនេះ បាននិយាយថា ខ្លួនកំពុងជួបប្រទះនូវកម្រិតទាបនៃចំនួនបុគ្គលិក ដែលកំពុងតែប៉ះពាល់ដល់បរិមាណផលិតកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ។
“ការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់ Omicron និងការខ្វះខាតបុគ្គលិក ជាលទ្ធផលឥឡូវនេះ ក៏កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិការការដឹកជញ្ជូន និងការលក់របស់ Ingham និងអ្នកផ្គត់ផ្គង់ រួមនឹងអតិថិជនមួយចំនួនរបស់ខ្លួនផងដែរ” នេះត្រូវបានកត់ត្រានៅក្នុងឯកសារផ្សារហ៊ុន។
Ingham’s បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម កាលពីថ្ងៃពុធដោយនិយាយថា វានឹងមិនពិភាក្សាអំពីទំនាក់ទំនង ជាមួយអតិថិជនម្នាក់ៗទេ៕