ដោយៈជេស៊ីកា
កណ្តាលៈ វិបត្តិជំងឺកូវីដជាលក្ខណៈសកល បានធ្វើឱ្យដំណើរការសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ “ទីក្រុងរណបសិរីមង្គល”ដែ លទុនវិនិយោគប្រមាណ១០០ លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅក្រុងតាខ្មៅ យឺតជាងការគ្រោងទុក។
“គំរោងទីក្រុងរណបសិរីមង្គល” ជាគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ ជាផ្លូវការដើមឆ្នាំ ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥៧។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីរាជធានី-ភ្នំពេញ (ស្ពានព្រះមុនីវង្ស)។
Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗ នៅក្នុងរាជធានី-ភ្នំពេញមានដូចជា The Bridge និង The Peak។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Home Co., Ltd លោកយក់ សុធីរិទ្ធ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែវិច្ឆិកាថា គម្រោង “ទីក្រុងរណបសិរីមង្គល” បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីធ្វើឱ្យការគម្រោងទាំងមូល អាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ ២០២១ នេះ ខណៈវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានបង្ខំឱ្យមានការរឹតត្បិតការធ្វើដំណើរ និងការបិទសេដ្ឋកិច្ចមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់មួយរយៈ។
លោកថ្លែងថា “អំឡុងការផ្ទុះរាលដាលជំងឺកូវីដ ១៩ ខ្លាំងវាបានធ្វើឱ្យការសាងសង់នៅផ្នែកខ្លះមិនដំណើរការមួយរយៈ ហេតុនេះយើងកំពុងខិតខំបង្កើនល្បឿងសាងសង់ឡើងវិញនៅពេលនេះ។
ទិន្នន័យនិន្នាការសេដ្ឋកិច្ច -សង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ ២០២១ គម្រោងសាងសង់ដែលបានទទួលការអនុញ្ញាត ឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួន២៩០១គម្រោង ធ្លាក់ចុះ៤៤៩គម្រោង ចំណែកទុនវិនិយោគមានតម្លៃ៣៨៤៣លានដុល្លារ ធ្លាក់ចុះ២៤,៤ ភាគរយ៕