ដំណឹងល្អ! កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់អត្រា ៧,២%

0

ដោយ វុត្ថា

ភ្នំពេញ៖ គណៈប្រតិភូអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ រួមជាមួយភាគីកម្ពុជា ធ្វើការព្យាករណ៍ដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់អត្រា ៧,២% ក្នុងនោះចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗ កើនឡើងប្រហាក់ប្រហែល ១.៥០០ ដុល្លារអាមេរិកផងដែរ។

លោកស្រីបណ្ឌិត Junhong Chang ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (ARMO) បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ថា គោលបំណងនៃដំណើរទស្សនកិច្ចការងារលើកនេះ គឺជួបពិភាក្សាជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ សំដៅប្រមូលទិន្នន័យ និងព័ត៌មានបន្ថែម ដើម្បីជាមូលដ្ឋានសម្រាប់ការវាយតម្លៃពីនិន្នាការ និងការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មការងាររបស់ AMRO ក្នុងការអង្កេតតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ានបូក ៣ ។

ចំពោះការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាគីទាំងពីរមានការយល់ឃើញដូចគ្នាថា ក្នុងឆ្នាំ២០១៨ នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសការគ្រោងទុក គឺក្នុងរង្វង់អត្រា ៧,២% ក្នុងនោះចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗ កើនឡើងស្ទើរតែស្មើដល់ ១.៥០០ ដុល្លារអាមេរិក ជាមួយអត្រាអតិផរណាទាបប្រមាណ ៣% ក្នុង មួយឆ្នាំ គឺស្របពេលដែលសមតុល្យពាណិជ្ជកម្មមានភាពរឹងមាំ និងស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ ។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសក៏សង្កេតឃើញបន្តកើនឡើង ស្របពេលដែលកម្ពុជារក្សាបាននូវស្ថានភាពបំណុលល្អប្រសើរ និងស្ថានភាពហិរញ្ញវត្ថុសាធារណៈរឹងមាំប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបង្កើនចំណាយលើសេវាសង្គមសំខាន់ៗ ដូចជាសុខាភិបាល និងអប់រំជាដើម ។ តែទោះបីយ៉ាងណាសេដ្ឋកិច្ចកម្ពុជាក៏នឹងប្រឈមផងដែរ ទៅនឹងហានិភ័យនៃកត្តាខាងក្រៅមួយចំនួន ខណៈដែលបញ្ហាប្រឈមក្នុងស្រុកកំពុងបន្តដោះស្រាយ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែឆាប់រហ័ស ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើង អំពីរការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយនូវបញ្ហាប្រឈមខាងលើនោះទេ គឺថែមទាំងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មីនៃសេដ្ឋកិច្ចសកលលោកផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី បានស្នើសុំ AMRO បន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលសេដ្ឋវិទូកម្ពុជា នៅ AMRO និងសុំ AMRO ពិនិត្យលទ្ធភាព បន្តជ្រើសរើសសេដ្ឋវិទូកម្ពុជា ទៅហ្វឺកហាត់ការងារនៅក្នុង AMRO បន្ថែមទៀត ។ ជាការឆ្លើយតប លោកស្រី Junhong Chang ក៏បានសំដែងនូវការគាំទ្រខ្ពស់ចំពោះការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបណ្តុះបណ្តាលសមត្ថភាព និងធនធានមនុស្សរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here