ដោយៈ សុធារី
ភ្នំពេញៈ ប្រទេសកម្ពុជាគឺជាទីផ្សារល្អបំផុតមួយនៅអាស៊ី សម្រាប់វិនិយោគអចលនទ្រព្យ បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសនេះ មានទំហំតូចមែន ប៉ុន្តែមានភាពធន់ ហើយមិនដែលមានវិបត្តិសេដ្ឋកិច្ច ក្នុងរយៈពេលជាង ២០ឆ្នាំមកហើយ។
យោងតាមការសិក្សារបស់គេហទំព័រ InvestAsian ដែលជាគេហទំព័រអង្កេតទាក់ទង នឹងចរន្តនៃការវិនិយោគនៅតំបន់អាស៊ីបានបង្ហាញថា ទីក្រុងភ្នំពេញ មានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល ដែលទាក់ទាញការចាប់អារម្មណ៍ពីធុរកិច្ចអន្តរជាតិ។
តាមរយៈវេបសាយនេះ បានប្រៀបធៀបទីក្រុងភ្នំពេញ ទៅនឹងទីក្រុងបាំងកក កាលពីទស្សវត្សឆ្នាំ១៩៩០ ឬទីក្រុងសៃហ្គន កាលពីទស្សវត្សឆ្នាំ២០០០។
តាមរយៈវេបសាយនេះ អ្នកវិនិយោគអាចទិញអចលនទ្រព្យនៅកណ្តាលទីក្រុងភ្នំពេញ ក្នុងតម្លៃក្រោម១,០០០ដុល្លាអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់ខ្លះ។ ប្រៀបធៀបនឹងខុនដូ ដែលស្ថិតនៅទីតាំងសំខាន់ៗក្នុងទីក្រុងបាងកកប្រទេសថៃ មានតម្លៃប្រហែល៦,០០០ អាមេរិកដុល្លារក្នុងមួយម៉ែត្រការ៉េ។
ប្រៀបធៀបនឹងប្រទេសវៀតណាម អ្នកមិនមានសិទ្ធិអាចកាន់កាប់ដីធ្លីបានទេ ព្រោះដីនីមួយៗស្ថិត ក្នុងការជួលរយៈពេល៥០ឆ្នាំពីរដ្ឋាភិបាល។ តម្លៃអចលនទ្រព្យ មានតម្លៃខ្ពស់ប្រហែល៤,០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ នៅក្នុងទីក្រុងហាណូយ និងហូជីមិញ។
ការប្រៀបធៀបនេះ ដោយមើលឃើញពីកំណើនដ៏ខ្លាំង នៃទីក្រុងបាងកកនេះ វិនិយោគិនគួរតែកត់សម្គាល់ពីទីក្រុងនេះ សម្រាប់ជាទិសដៅវិនិយោគ។
ទីក្រុងនេះ ក៏ទាក់ទាញជនជាតិបរទេស ជាមួយនឹងផ្សារតាមដងផ្លូវដ៏រស់រវើក ស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និង អាគារបុរាណ។
តម្លៃអចលនទ្រព្យកម្ពុជាត្រូវបានកំណត់ ដោយកំណើនជាក់ស្តែងនៃប្រជាសាស្ត្ររបស់ប្រជាជនកម្ពុជា។ តាមប្រភពដដែល អត្រានគរូបនីយកម្មនៅកម្ពុជាមានត្រឹមតែ២៤% និងកើនឡើងយ៉ាងឆាប់រហ័ស។ នេះបង្ហាញថា តម្រូវការអចលនទ្រព្យ មានសុខភាពល្អ។
ប្រជាជនមានជីវភាពមធ្យម ដែលកំពុងកើនឡើងខ្ពស់ បានបន្តផ្លាស់ទីលំនៅពីជនបទមកទីក្រុង ដែលជាលទ្ធផលនៃតម្រូវការជួល និងទិញផ្ទះឬអាផាតមិននៅក្នុងរាជធានីភ្នំពេញ។
ដោយមើលឃើញពីចំណុចទាំងនេះ បានធ្វើឱ្យវិនិយោគិន ដែលមានបទពិសោធន៍ បានចាប់ផ្ដើមសម្រុកមកភ្នំពេញ ដើម្បីទទួលបានផលចំណេញក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើល។
ជាធម្មតា ជនបរទេសទិញអចលនទ្រព្យពីរប្រភេទរួមមាន shophouse និងខុនដូ។ Shophouse ជាទូទៅអាចធ្វើកែលម្អឡើងវិញ ជួល និងលក់បន្ត ដើម្បីដើម្បីបានផលចំណេញ ខណៈខុនដូមិនមានផលចំណេញច្រើនទេ ដូចShophouse នោះទេ ប៉ុន្តែខុនដូងាយនឹងកាន់កាប់ និងគ្រប់គ្រង។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលអាចឱ្យជនបរទេស មានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពីជាន់ទី១។ កម្ពុជាជាប្រទេសស្វាគមន៍បំផុតមួយ សម្រាប់វិនិយោគិនអន្តរជាតិនៅក្នុងតំបន់ទាំងមូល។ ការចូលមកប្រទេសកម្ពុជា ហើយបង្កើតអាជីវកម្មនៅទីនេះ មានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ ទិដ្ឋាការរយៈពេលមួយឆ្នាំ មានតម្លៃត្រឹមតែ២៥០ដុល្លារ ហើយអាជីវកម្មនៅកម្ពុជា អាចមានកម្មសិទ្ធិ១០០ភាគរយដោយជនជាតិបរទេស។
ការទិញអចលនទ្រព្យ អាចមានភាពស្មុគស្មាញបន្តិច អាស្រ័យលើអ្វី ដែលអ្នកកំពុងរក។ ជនបរទេស អាចទិញខុនដូយូនីត ដែលមានប័ណ្ណសហកម្មសិទ្ធ ដូច្នេះមនុស្សជាច្រើនមានទំនោរទៅរកការអភិវឌ្ឍទាំងនោះ។
លើសពីនេះទៀត ប្រទេសកម្ពុជាប្រើប្រាស់ប្លង់រឹង និងប្លង់ទន់សម្រាប់ដី និងអគារ។ ប័ណ្ណកម្មសិទ្ធិប្លង់រឹង ត្រូវបានចុះបញ្ជីជាផ្លូវការ ដោយអជ្ញាធរជាតិ។ ចំណែក ប្លង់ទន់ត្រូវបានចុះបញ្ជី ដោយអាជ្ញាធរមូលដ្ឋាន៕