ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានហក់ឡើងថ្លៃជាបន្តបន្ទាប់ឡើងវិញ ជាក់ស្តែងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ តម្លៃប្រេងសាំងធម្មតាកើនថ្លៃដល់៤ ៣៥០រៀល។ រីឯប្រេងម៉ាស៊ូតកើនថ្លៃ៤០៥០រៀល ក្នុងមួយលីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី១៧ ខែមករានេះថា ផ្អែកតាមតម្លៃមធ្យម ប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈគិតក្នុងរយៈពេលដូចគ្នា ខាងលើនឹងត្រូវលក់៤៥១០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៤២១០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុង១លីត្រ។
-->

ក្នុងនោះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី នៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤សេនដុល្លារដដែល នៅក្នុង១លីត្រ។

បើផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នឹងត្រូវលក់៤ ៣៦០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៣៩៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុង១លីត្រ។
ពាក់ព័ន្ធការកំណត់ថ្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែលនេះ ក្រសួងពាណិជ្ជកម្មនៅតែរក្សាអំណះអំណាងថា គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារតែប៉ុណ្ណោះ៕