សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នារសៀលថ្ងៃនេះ នៅខេត្តព្រះសីហនុ

ចែករំលែក

ដោយ៖ ម៉ាលីស

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” នារសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។

ទន្ទឹមនេះដែរ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយ ផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃ ទី១៦-២២ ខែមករា ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ ATF 2022 នេះ នឹងមានប្រតិភូជាតិ-អន្តរជាតិចូលរួមកិច្ចប្រជុំដោយផ្ទាល់ប្រមាណ១០០រូប (អន្តរជាតិ៨០រូប)។ ចំណែកការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ដែលជាកម្មវិធីធំដែរនោះក៏នឹងមានអ្នកលក់ (Sellers) ចំនួន១៨៧ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ក្រុមហ៊ុន សារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២០ស្ថាប័ន សរុបចំនួនភ្ញៀវចូលរួមក្នុងកម្មវិធីទាំងមូលមានប្រមាណ៣៥០នាក់ មកពីបណ្ដាប្រទេសជិត៣០ប្រទេស៕


ចែករំលែក