ដោយៈ សុផារី
កំពតៈ ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED នឹងវិនិយោគទឹកប្រាក់១.៣០០លានដុល្លាអាមេរិក ក្នុងគម្រោងអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងមួយ នៅក្នុងក្រុងបូកគោ ខេត្តកំពត។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន។
គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅ ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដោយមានទឹកប្រាក់វិនិយោគរហូតដល់ ១.៣០០លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ អាចបង្កើតការងារបានចំនួន៥៩០កន្លែង ដល់ប្រជាជនកម្ពុជានៅក្នុងតំបន់។
តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ចំណតផែពហុបំណង គឺជាគម្រោងអាទិភាពមួយ ដែលត្រូវបានកសាងឡើង ដើម្បីជួយជំរុញដល់វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងជាពិសេស ការនាំចេញនូវកសិផលរបស់កម្ពុជា ដូចជា ចំណិតដំឡូងមីស្ងួត ទំនិញរាយ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ ពង្រីកទីផ្សារនាំចេញអង្កររបស់រាជរ ដ្ឋាភិបាល និងផ្តល់សេវាភស្តុភារដល់ការរុករកប្រេង ក្នុងដែនសមុទ្រកម្ពុជាក៏ដូចជា សម្រាប់ការរីកចំរើនលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅតាមកំពង់ផែរបស់កម្ពុជា កំពុងមានសកម្មភាពយ៉ាងមមាញឹក ជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជា ប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកំពង់ផែ ជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំការពង្រីក កំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការ នៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតប ទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេសសំដៅធ្វើឲ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន៕