ទីក្រុងរណបធំមួយទៀតនឹងលេចវត្តមាននៅតំបន់អរិយក្សត្រ

0

ដោយៈជេស៊ីកា

       កណ្តាលៈ ទីក្រុងរណបថ្មីមួយ ស្ថិតនៅតំបន់អរិយក្សត្រ របស់លោកឧកញ៉ាឃុន សៀ គ្រោងលេចរូបរាងនៅពេលខាងមុខ ស្របពេលទំហំគំរោងអភិវឌ្ឍន៍ដ៏ធំនេះ លាតសន្ឋឹងលើផ្ទៃដី៧៥ហិកតា។

បច្ចុប្បន្នទីតាំងនេះកំពុងចាក់ខ្សាច់ និងថ្មប្របតាមដងទន្លេមេគង្គលើ ដែលតំបន់នេះនឹងមើលឃើញច្បាស់ ប្រសិនជាមើលពីទីក្រុងកោះពេជ្រ និងស្ថិតនៅទល់មុខនឹងទីក្រុងកោះនរា ដែលវិនិយោគ​ដោយក្រុមហ៊ុនOCIC។

ទោះជាយ៉ាងណាក្រុមហ៊ុនឃុន សៀមិនទាន់បង្ហើបឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះថា នឹងចាប់ផ្តើមសាងសង់ និងចំណាយថវិកាប៉ុន្មានរយលានដុល្លារ ដើម្បីអភិវឌ្ឍន៍លើគំរោងនេះនៅឡើយទេ។

អ្នកជំនាញអចលនវត្ថុកម្ពុជាបានលើកឡើងថា នៅពេលមានគម្រោងអភិវឌ្ឍន៍អ្វីធំៗ តែងតែធ្វើមានឥទ្ធិពលទៅលើតម្លៃអចលនទ្រព្យ ជាក់ស្ដែងគម្រោងអភិវឌ្ឍអគារខ្ពស់ របស់ក្រុមហ៊ុនឧកញ៉ាឃុន សៀ នៅតំបន់អរិយក្សត្រ បើទោះបីមិនទាន់លេចជារូបរាងក្ដី តែតម្លៃក្នុងតំបន់នេះ បានផ្ទុះឡើងតាំងពីការប្រកាសគម្រោងដំបូងម្ល៉េះ ។

ប្រជាពលរដ្ឋជាច្រើន នៅក្នុងតំបន់អរិយក្សត្រ ក្បែរគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ាឃុន សៀបានលើកឡើងនាពេលកន្លងមកថា ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍មួយនេះ មានអ្នកដើររកទិញដីច្រើនណាស់នៅអរិយក្ស័ត្រ មានទាំងខ្មែរ មានទាំងចិន និងហ៊ានឱ្យតម្លៃខ្ពស់ៗទៀតផង ជាក់ស្ដែងផ្ទះនៅជាប់ផ្លូវធំក្បាលត្រឹម២០ ឬ៣០ម៉ែត្រប   ណ្ដោយ៣០ ទៅ៤០ម៉ែត្រពួកគេហ៊ានឱ្យតម្លៃ២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឯណោះ។

​ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មិនបានសម្រេចចិត្តលក់ទេ ដោយគិតថាលក់ហើយមិនទាន់ដឹងថាទៅធ្វើអ្វី ប្រកបមុខរបរអ្វី ដូច្នេះចេះតែរស់នៅទីនោះសិនទៅ ។

យោងតាមអាជ្ញាធរនៅក្នុងតំបន់អរិយក្ស័ត្រ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនធំៗ នៅក្នុងទឹកដីនៃតំបន់អរិយក្ស័ត្រនឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ពលរដ្ឋក្នុងតំបន់នោះ ហើយកូនៗអ្នកស្រុកក៏នឹងទទួលបានការងារនៅជិតផ្ទះ និងមិនបាច់ធ្វើដំណើរទៅធ្វើការឆ្ងាយដែរ។ អ្វីដែលអ្នកស្រុកត្រូវត្រៀមនៅពេលនេះ គឺបញ្ជូនកូនៗទៅរៀនយកជំនាញ ដើម្បីបម្រើការជាមួយក្រុមហ៊ុនជាច្រើនដែលនឹងមកបណ្ដាក់ទុនក្នុងតំបន់អរិយក្ស័ត្រនៅពេលខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលគ្រោងនឹងពង្រីកបន្ថែមនូវ​ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នាពេលខាងមុខ ដោយការពង្រីកផ្លូវខ្សែក្រវ៉ាត់ទី៣នេះ នឹងមានការ​សាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានមួយទៀតតភ្ជាប់ពីតំបន់កោះដាច់ ទៅកាន់ផ្លូវជាតិលេខ៦អាផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់អរិយក្សត្រ និងល្វាឯម នឹងក្លាយជាទីក្រុងរណបនាពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here