ក្រុមហ៊ុនប៉េង ហួតគ្រុប ចែករំលែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដល់កុមារកំព្រានិងកុមារក្រីក្រ

ចែករំលែក

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុនប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមានអង្ករ មី​ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមាន កាតាបសៀវភៅសរសេរ ខ្មៅដៃ ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ (SPFCO) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់និងគ្រួសារក្រីក្ររបស់ពួកគេ។

ជំនួយនេះ ក៏ជាការចូលរួមជួយសម្រួលបន្ទុក ដល់អង្គការមួយចំនួនធំផងដែរ ខណៈដែលកុមារទាំងនោះមួយចំនួនធំបាន និងកំពុងតែទទួលការទំនុកបម្រុងសម្រាប់ការរស់នៅ និងកាសិក្សាពីអង្គការ។

ពិតណាស់ថាការអប់រំ គឺជាគ្រឹះអភិវឌ្ឍធនធានមនុស្ស សង្គមជាតិ និងពិភពលោក ដែលការអប់នេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ នៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភជាជំនួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការលំបាកដែលសង្គមកំពុងប្រឈមជាក់ស្ដែង។ ជាក់ស្ដែងដោយមើលឃើញពីភាពលំបាក សម្រាប់ការរស់នៅ សុខុមាលភាព ស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃនិងកង្វះខាតសម្ភារៈ សិក្សារៀនសូត្ររបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះក្នុងស្ថានភាពលំបាកនេះ ទើបក្រុមហ៊ុនបាននាំយកនូវស្បៀងអារហារ និងសម្ភា​រៈសិក្សាមួយចំនួន ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ដើម្បីដោះស្រាយស្ថានភាពលំបាកនាពេលនេះ។

ទាក់ទងនិងកម្មវិធីនំាយក និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានេះ កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានចូលរួមទៅលើកម្មវិធីជាច្រើដែរួមមាន “កម្មវិធីអង្ករប្តូរយកឱកាសសិក្សារបស់ក្មេងៗរើសសំរាម នៅសហគមន៍ក្រីក្រស្ទឹងមានជ័យ ភ្នំពេញ អង្ករប្ដូរយកសំរាម នៅខេត្តសៀមរាប ហើយថ្មីៗនេះ គឺកម្មវិធីអង្ករបានបន្តការសិក្សានៅរបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម។ល។”​ ។

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងការប្រគល់ និងទទួលអំណោយនេះ លោក ឃិន ប៊ុនថន ប្រធានអង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានជួយសម្រួលដល់ការលំបាករបស់អង្គការ ពិសេសដល់កុមារកំព្រា និងក្រីក្រឲ្យទទួលបានម្អូបអាហារ និងឱកាសសិក្សា។

លោកបន្តថា “កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ គឺត្រូវការជំនួយឧបត្ថម្ភបន្តទៀតពីសម្បុរសជន ទោះបីតិចក្ដី ច្រើនក្ដី ដើម្បីអាចឱ្យពួកគេឱ្យបន្តលូតលាស់ ជាពិសេសអាចបន្តការរៀនសូត្រ ទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេ នៅថ្ងៃអនាគត”។​

កុមារីម្នាក់ក្នុងចំណោមកុមារាកុមារីកំព្រា និងក្រីក្រជាច្រើននាក់ទៀត ក៏បានសំដែងនូវអំណរគុណ ប្រកបដោយអារម្មណ៍សប្បាយចិត្ត និងរំភើបថា សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន ដែលបានចែកអំណោយស្បៀងអាហារ និងសម្ភារៈសិក្សាទាំងនេះមកពួកខ្ញុំ។ ពួកខ្ញុំត្រូវការជំនួយឧបត្ថម្ភផ្សេងៗទៀត ហើយខ្ញុំត្រូវការភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីបងប្អូនទាំងអស់គ្នា ព្រោះខ្ញុំមិនមានឪពុក ម្ដាយនៅជាមួយខ្ញុំទេ ហើយរាល់ថ្ងៃខ្ញុំនៅតែជាមួយយាយទេ”។។​  

លោកចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុនប៉េង ហួត គ្រុបបានមានប្រសាសន៍ថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ព្រមទាំងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង មិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។

លោកបន្តថា យើងខ្ញុំសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ ព្រមទាំងគ្រួសារក្រីក្ររបស់ពួកគេបានមួយរយៈពេលវែង ទោះបីជាអំណោយមិនច្រើនក្ដី ដែលអាចឱ្យពួកគេផ្តោត លើការសិក្សាបន្តទៀតបាន ហើយយើងក៏សង្ឃឹមទៀតថាពួកគេ នឹងក្លាយទៅជាធនធានមនុស្សដ៏ល្អ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។

អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO)​​ គឺមានទីតាំងស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានគ្រូស្ម័គ្រចិត្តចំនួន​៤នាក់  ព្រមទាំងកុមារកំព្រា និងកុមារក្រីក្រ ទាំងអស់៧៥នាក់ ដែលបាននិងកំពុងតែទទួលបានការ ទំនុកបម្រុងលើការបរិភោគអាហារប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីអង្កការផ្ទាល់។

ទទ្ទឹមហ្នឹងនេះផងដែរ សព្វថ្ងៃកុមារទាំងអស់នៅទីនោះ គឺកំពុងត្រូវជំនួយឧបត្ថម្ភជាអាហារបរិភោគប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរពីសម្បុរសជននានា។

ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សា ដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ។ល៕

 

 


ចែករំលែក