វិនិយោគិនបារាំងធំៗ គ្រោងចូលមកវិនិយោគនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នាខែតុលា ឆ្នាំ២០១៨ ខាងមុខ គណៈប្រតិភូបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈភ្ញៀវទេសចរបារាំងដែលមកទស្សនាកម្ពុជាក៏កំពុងមានការកើនឡើងផងដែរ។

គម្រោងទស្សនកិច្ចនេះ ត្រូវបានឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Laurent Triponey ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការីកាលពីពេលថ្មីៗនេះ។

កិច្ចពិភាក្សានេះផ្តោតលើប្រធានបទចំនួន២ រួមមាន៖ ទី១ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-បារាំងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ទី២ ការត្រៀមរៀបចំដំណើរទស្សនកិច្ច នៃគណៈប្រតិភូវិនិយោគ ដឹកនាំដោយទីភ្នាក់ងារអភិវឌ្ឍទេសចរណ៍បារាំង Atout France, ប្រតិបត្តិករទេសចរណ៍ធំៗរបស់បារាំង ដូចជាក្រុមហ៊ុន Club Med, Airfrance, CroisiEurope ដែលនឹងមកកម្ពុជា អំឡុងខែតុលាឆ្នាំ២០១៨ ខាងមុខនេះ។

លោករដ្ឋមន្រ្តីបានលើកនូវចំណុច ជាយុទ្ធសាស្រ្តសំខាន់មួយចំនួន និងបានស្នើឲ្យភាគីបារាំង យកចិត្តទុកដាក់លើវិស័យអាទិភាពមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ ដូចជាទី១ សារសំខាន់នៃជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការដាក់ចេញនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ» ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍។

ទី២ ការជំរុញអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងសម្បូរបែប ពិសេសអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតង តាមរយៈការដាក់ចេញនូវចលនាប្រលងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ហើយក្នុងពេលខាងមុខ នឹងមានរៀបចំចលនាប្រលងប្រណាំងឆ្នេរស្អាតគំរូនៅកម្ពុជាផងដែរ។

ទី៣ ការពង្រឹងការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍។ បច្ចុប្បន្ន ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ត្រូវបាន បង្កើតឡើងដោយមានការចូលរួមយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋ និងឯកជន ដើម្បីជំរុញ និងទ្រទ្រង់ការផ្សព្វផ្សាយទេសច​រណ៍កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត និងទី៤ ការពង្រឹងការគ្រប់គ្រង និងផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ។

កាលពីឆ្នាំ២០១៧កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បារាំងចំនួន១៦៦.៣៥៦នាក់ កើនឡើង១០,៧% ឈរលំដាប់ទី១០ ហើយក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលទេសចរបារាំងចំនួន ៨៥.៩០៦នាក់ កើនឡើង៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ឈរលំដាប់ទី៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here