តោះទៅមើលគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន១២ នឹងកើតឡើងនៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ជាមួយនឹងផែនការធ្វើឲ្យបានច្រើនជាងមុន រីកចម្រើនជាងមុន រដ្ឋាភិបាល អាណត្តិទី៦នេះ នឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដើម្បីជួយជម្រុញកំនើន​សេដ្ឋកិច្ចរបស់ប្រទេស។

ស្ពានជាច្រើននឹងត្រូវសាងសង់ និងលេចចេញរូបរាងបណ្តើរៗហើយ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ស្រុកស្ទឹងត្រង់ ក្នុងខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូឆ្មារ ខេត្ត​ត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពានចេញពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ។ គំរោងសាងសង់ស្ពានពីក្តីតាកុយ តាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះទៅតំបន់អរិយក្សត្រ ស្ពានអាកា​សក្បាលថ្នល់ និងស្ពានអាកាសស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវ២៧១ និងផ្លូវមុនីវង្ស ស្ពានអាកាសនិងផ្លូវក្រោមដីនាតំបន់រង្វង់មូលចោមចៅ។

ជាមួយគ្នានេះផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ នឹងបើកដំណើរការចុងឆ្នាំ​នេះ ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានស្ពានអាកាសចំនួន៥ ដូចជា ស្ពានអាកាសរំលងផ្លូវជាតិលេខ៤ លេខ៣ លេខ២១ លេខ២ លេខ១១០ និងស្ពានវែងមួយឆ្លងកាត់ទន្លេបា​សាក់ ដោយឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលចិនបានផ្តល់ឥណទានសម្បទានចំនួន២៥៩លានដុល្លារ ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣រួចហើយផងដែរ ដែលផ្លូវក្រវ៉ាត់ក្រុងនេះនឹង​សាងសង់នាពេលឆាប់ៗនេះ។

ជាមួយគ្នានេះ តាមរយៈលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏បានប្រកាសពីគំរោងសាងសង់រថភ្លើងលើអាកាស (Sky Train) នៅរាជធានីភ្នំពេញជាលើកដំបូងផងដែរ។ រដ្ឋមន្រ្តីរូបនេះក៏បានបង្ហាញពីគំរោងសាងសង់ផ្លូវជាតិថ្មីមួយចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រផងដែរ។

លើសពីនេះ គំរោងសាងសង់ព្រលានយន្តហោះថ្មីចំនួន៣ គឺព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏នឹងលេចចេញរូបរាងក្នុងរយៈពេល៥ឆ្នាំខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here