រដ្ឋបាលខេត្តបាត់ដំបង បើកការដ្ឋានជួលជុលផ្លូវ៦ខ្សែសម្រួលដល់ការធ្វើដំណើរនិងទាក់ទាញការវិនិយោគ

0

ដោយៈ ម៉ាលីស

បាត់ដំបងៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ទាក់ទាញភ្ញៀវទេសចរនិងការវិនិយោគ រដ្ឋបាលខេត្តបាត់ដំបងបានបើកការដ្ឋានជួលជុល ស្ដារនិងលើកកម្ពស់ផ្លូវ៦ខ្សែ ក្នុងក្រុងបាត់ដំបងឡើងវិញ។

នៅក្នុងពិធីបើកការដ្ឋានកាលពីព្រឹកថ្ងៃទី២៥ មករា ២០២២នេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុង និងសង្កាត់រៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានហើយស្រេច ទាំងចំណីផ្លូវសំណង់ អនាធិបតេយ្យ និងការលក់ដូរគ្មានរបៀបរៀបរយនៅតាមសាធារណៈ ព្រោះបើមិនធ្វើការ រៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឱ្យ សណ្ដាប់ធ្នាប់ក្នុងក្រុងកាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមានគម្រោងចង់ពង្រីកផ្លូវ បង្កការលំបាកក្រុមការងារក្នុងការដោះស្រាយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំ​ណល់ផ្សេងៗឱ្យ មានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់បាន យូរអង្វែង និងដើម្បីសោភណភាព ក្នុងក្រុងបាត់ដំបង ឱ្យស័ក្តិសម នឹងក្រុងដែលទើបទទួល ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ចំពោះដំណើរការជួសជុលផ្លូវក្នុងក្រុងនេះ រួមមានទី១ ការងារជួសជុលផ្លូវក្រាល កៅស៊ូ ប្រភេទ DBST ផ្លូវលេខ ៥២៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៥១៥ (ផ្លូវទៅវត្តពោធិ៍ ពីមុខស្នាក់ការ ស.ស.យ.ក ខេត្ត) ដែលមានប្រវែង១១៦៥ម៉ែត្រ គុណ១០ម៉ែត្រស្ថិតក្នុង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ទី២ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៦១៤ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ ១៥៣ (ផ្លូវមុខស្នងការនគរបាលខេត្ត ពីស្តុប រំចេក ដល់ផ្លូវមាត់ស្ទឹង) ដែលមានប្រវែង១៥២០ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ទី៣ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ៥៣០ ចាប់ពី ផ្លូវជាតិលេខ៥ (ខាងជើងព្រះនរាយណ៍) ដល់ផ្លូវលេខ៥១៥ ដែលមានប្រវែង១១៦៥ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ទី៤. ការងារជួសជុលផ្លូវក្រាល កៅស៊ូប្រភេទ DBST ផ្លូវលេខ ៧១៦ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០០ (មុខយោធភូមិ ភាគទី៥ ផ្លូវចំការដូង) ដែលមានទំហំ១០៥០ម៉ែត្រ គុណ៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង។

ទី៥ ការងារជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១៣៩ ពីផ្លូវលេខ៣ ដល់ផ្លូវលេខ១០៦ (ផ្លូវក្រោយបុរី កាណាឌីយ៉ា) ដែលមានប្រវែង៥០៥ ម៉ែត្រគុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ទី៦. ការងារជួសជុល ផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១១១ ពីផ្លូវលេខ ៥២៤ ដល់ផ្លូវលេខ១១៥ (ផ្លូវខាង ជើងអតីតសណ្ឋាគារ ហូលីដេ) ដែលមានប្រវែង២៥០ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here