រដ្ឋាភិបាលកំពុងសិក្សាលទ្ធភាពជម្រុញការដឹកជញ្ជូនតាមផ្លូវទឹក

0

ដោយៈគង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងពីផែនការរៀបចំប្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF) ថ្មីប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២៥មករាកន្លងមកនេះ។

លោកបានស្នើឱ្យប្រធាន EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹក របស់កម្ពុជា រួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន។

លោករដ្ឋមន្ត្រីបានបន្ត ថ្លែងអំណរគុណដល់រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ ដែលបានជួយជ្រោមជ្រែង ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លង ទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅកម្ពុជា។

ជាមួយគ្នានេះ លោកស្រី Minnie Chey ក៏បានបង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here