ដោយៈសុខុម
ប៉េកាំង: ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានសន្យាផ្តល់ជំនួយចំនួន៥០០លានដុល្លារអាមេរិក ដល់បណ្ដាប្រទេសនៅអាស៊ីកណ្តាល ដោយលើកឡើងថា ប្រទេសចិននឹងគាំទ្រពួកគេឱ្យ “ដើរតាមផ្លូវរបស់ខ្លួនឯង” និងជួយការពារអធិបតេយ្យភាពនៃប្រទេសទាំងនោះ។
លោកបានប្រកាសជំនួយនេះកាលពីថ្ងៃអង្គារ ទី២៥ មករា អំឡុងពេលកិច្ចប្រជុំតាម Video Conference ជាមួយមេដឹកនាំនៃបណ្ដាប្រទេសនៅអាស៊ីកណ្ដាល រួមមានកាហ្សាក់ស្ថាន អ៊ូបេគីស្ថាន តួកមេនីស្ថាន កៀ ហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន។
លោកបញ្ជាក់ថា ជំនួយទាំងនេះនឹងត្រូវបានផ្តល់ជូន “ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីប្រើប្រាស់លើគម្រោងនានា ដែលទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន”។
ប្រធានាធិបតីចិន រូបនេះបានអំពាវនាវ ឱ្យមានការទំនាក់ទំនងជាលក្ខណៈយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីកសាងទំនុកចិត្ត និងឯកភាពក្នុងតំបន់ ហើយបន្តជំរុញ “វិបុលភាពទៅវិញទៅមក” និងការអភិវឌ្ឍ។
ទន្ទឹមនេះ លោកក៏បានវាយបកមិនសំចៃមាត់ផងដែរ ទៅនឹងការជ្រៀតជ្រែកពីប្រទេសផ្សេង ហើយលោកបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា រដ្ឋាភិបាលក្រុងប៉េកាំង “ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់បញ្ហាសិទ្ធិមនុស្សធ្វើជាលេស ដើម្បីធ្វើអន្តរាគមន៍ក្នុងនយោបាយក្នុងស្រុក”។
លោកបានលើកឡើងថា ប្រទេសទាំង៦ (ចិន និងប្រទេសទាំង៥នៅអាស៊ីកណ្ដាល) តែងតែជួយគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីអបអរខួបឆ្នាំទី៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសទាំង៥ នៅអាស៊ីកណ្ដាល ចាប់តាំងពីប្រទេសទាំងនោះ ទទួលបានឯករាជ្យពីសហភាពសូវៀត៕ South China Morning Post៕