ក្រុមហ៊ុនជប៉ុនគ្រោងនាំចូលគ្រឿងចក្រកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូសម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន IKEE Group Japan ដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន គ្រោងនាំចូលនូវគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិក ឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យរដ្ឋាភិបាលពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Shu NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និងបានស្នើសុំឱ្យក្រសួងពិចារណា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

លោកថា “គ្រឿងចក្រនេះ មានលក្ខណៈសមស្របអាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ”។

លោកទេសរដ្ឋមន្ត្រី បង្ហាញនូវការគាំទ្រលើគំនិតផ្ដួចផ្ដើម នៃការនាំយកមកប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។ ទោះយ៉ាងណាក៏ដោយ លោកបានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញ ក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការប្រមូលសំរាមផងដែរ។

ម្យ៉ាងទៀត លោកទេសរដ្ឋមន្ត្រីក៏បាន ណែនាំឱ្យសិក្សាបរិមាណប្លាស្ទិកនៅកម្ពុជាថា តើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា តម្លៃផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀប នឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here