គម្រោងផ្លូវ២ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ខេត្តកំពតនឹងជំរុញឱ្យកំពតក្លាយជាចំណាប់ដល់វិនិយោគិនអចលនទ្រព្យ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងផ្លូវ២ខ្សែ ភ្ជាប់ពីផ្លូវជាតិលេខឆ្ពោះទៅខេត្តកំពតដោយត្រង់ នឹងជំរុញឱ្យខេត្តមាត់សមុទ្រមួយនេះ កាន់តែមានសក្ដានុពលទាក់ទាញបន្ថែមទៀត ទៅលើការអភិវឌ្ឍអចលនទ្រព្យ និងស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជ្រើសរើសយកតំបន់សមុទ្រជាគោលដៅអភិវឌ្ឍន៍។

គម្រោងផ្លូវ២ខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកំពតនោះទី១ ផ្លូវជាតិលេខ៤៣ ដែលភ្ជាប់ពីចំណុចត្រែងត្រយឹង ទៅកាន់ផ្លូវជាតិលេខ៣ជិតទីរួមខេត្តកំពត និងផ្លូវមួយខ្សែទៀតកំពត ត្រៀមរៀបសិក្សាផលប៉ះពាល់ដែលផ្លូវនេះ នឹងភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខPK 158-200 ឆ្ពោះទៅកាន់រមណីយដ្ឋានបូកគោផ្ទាល់តែម្ដង។

តាមរយៈផ្លូវទាំងពីរខ្សែនេះ នឹងធ្វើឱ្យខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងកាន់តែខិតជិតគ្នា តាមរយៈការធ្វើដំណើរកាន់តែជិតនិងប្រើប្រាស់ពេលវេលាខ្លី សម្រួលដល់ការធ្វើដំណើររបស់ទេសចរជាតិនិងអន្តរជាតិផងដែរ ។

លោកកែវ សុជាតិ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ KW Cambodiaបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២៦ មករានេះថា វាជាសញ្ញាល្អខ្លាំងណាស់ ដែលខេត្តកំពតនឹងទទួលបានគម្រោងផ្លូវ២ខ្សែ នៅពេលខាងមុខនេះ ហើយវានឹងទាក់ទាញវិនិយោគិន ក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគម្រោងដែលគាំទ្រដល់វិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ តម្លៃដីធ្លីនៅក្នុងខេត្តនេះ នឹងកាន់តែងើបឡើងបន្ថែមទៀតផងដែរ ។

លោកបន្តថា “នៅពេលមានផ្លូវស្រួលធ្វើដំណើរ ទេសចរជាតិនិងអន្តរជាតិ កាន់តែច្រើនចូលមកលេងកំពត ហើយនៅពេលមានទេសចរកាន់តែច្រើន តម្រូវការសេវាកម្មបម្រើដល់ភ្ញៀវទេសចរ ក៏កាន់តែច្រើនឡើងផងដែរ”។ លោកបន្តថា “ដូច្នេះការវិនិយោគសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់និងសេវាកម្មផ្សេងទៀតនៅក្នុងខេត្តនេះ នឹងកាន់តែមានសន្ទុះងើបឡើងបន្ថែមទៀតផងដែរ”។

លោកសុជាតិបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ខេត្តកំពតរំពឹងទទួលបានការវិនិយោគបន្ថែម លើគម្រោងអភិវឌ្ឍន៍រីសត ផ្ទះលំហែរ ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍លើគម្រោងទាំងនេះ នឹងកាន់តែមានកំណើនឡើងផងដែរ ។ តែយ៉ាងណាក្ដី មេរោគកូវីដ១៩ប្រភេទ អូមីក្រុងក៏ជាបញ្ហាមួយ ដែលរារាំងដល់វិនិយោគិនបរទេស ចូលមកកម្ពុជាក្នុងឆ្នាំ ២០២២​នេះផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here