ប្រទេសឥណ្ឌូនេស៊ីចាប់ផ្តើមចម្រាញ់ប្រេងឥន្ធនៈពីប្រេងដូងលើកដំបូងក្នុងពិភពលោក

0

ដោយ៖ សុខុម

ហ្សាការតា៖ ក្រសួងថាមពលឥណ្ឌូនេស៊ី បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៥ មករា ថា ប្រទេសនេះបានធ្វើការសាកល្បងដំណាក់កាលដំបូងហើយដើម្បីផលិតសាំងចេញពីប្រេងដូង ខណៈប្រទេសនេះព្យាយាមពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រេងបន្លែនៅក្នុងវិស័យថាមពលរបស់ខ្លួន។

ដើម្បីស្រូបយកទិន្នផលប្រេងដូងបន្ថែមទៀត និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ឥណ្ឌូនេស៊ី ដែលក្នុងឆ្នាំ២០២០ បានជាប់ឈ្មោះជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោកបានដាក់ឱ្យប្រើប្រាស់ជីវៈម៉ាសូត (Biodiesel) B30 ផ្ទុកទៅដោយប្រេងដូងដល់ទៅ៣០% ជាកំហាប់ប្រេងដូងខ្ពស់បំផុតមួយដែលត្រូវបានប្រើប្រាស់ក្នុងជីវៈឥន្ធនៈទូទាំងពិភពលោក។

ប្រទេសឥណ្ឌូនេស៊ី មានបំណងបង្កើនបរិមាណកំហាប់ប្រេងដូងនៅក្នុងជីវៈម៉ាស៊ូត ហើយប្រើប្រាស់វាដើម្បីផលិតចេញជាប្រេងឥន្ធនៈផ្សេងៗទៀត។

ប្រទេសនេះបានធ្វើតេស្តសាកល្បងដោយប្រើឥន្ធនៈយន្តហោះ ឬ ដែលយើងនិយមហៅថាសាំងយន្តហោះលាយជាមួយប្រេងដូងកាលពីឆ្នាំមុន ហើយគ្រោងនឹងធ្វើតេស្តសាកល្បងចាក់ឱ្យរថយន្តរត់លើផ្លូវសម្រាប់ជីវៈម៉ាស៊ូតដែលមានផ្ទុកកំហាប់ប្រេងដូង៤០%នៅខែក្រោយ។

រដ្ឋមន្ត្រីថាមពលឥណ្ឌូនេស៊ី លោក Arifin Tasrif បានចេញសេចក្តីថ្លែងការណ៍ថា “យើងត្រូវតែខិតខំធ្វើយ៉ាងណាឱ្យខ្លួនឯងមានឯករាជម្ចាស់ការក្នុងវិស័យនានា ដែលមានសារៈសំខាន់សម្រាប់ជាតិរបស់យើង ដូចជាវិស័យថាមពលជាដើម។ យើងមានប្រភពថាមពលផ្សេងៗដ៏សម្បូរវបែបដែលមិនទាន់ត្រូវបានប្រើប្រាស់ឱ្យពេញលទ្ធភាពនៅឡើយ”។

សមាគមប្រេងដូងឥណ្ឌូណេស៊ី (Indonesia Palm Oil Association) បានប៉ាន់ប្រមាណថា ជីវៈម៉ាស៊ូតគ្របដណ្ដប់ប្រមាណ៣៨%នៃការប្រើប្រាស់ប្រេងដូងក្នុងស្រុករបស់ឥណ្ឌូនេស៊ី កាលពីឆ្នាំមុន។

លោក Arifin Tasrif បានជំរុញឱ្យវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង (Bandung Institute of Technology) ដែលនាំមុខការអភិវឌ្ឍឥន្ធនៈនេះជួយបង្កើន និងពន្លឿនការធ្វើតេស្តសាកល្បងដើម្បីឱ្យលទ្ធផលដែលទទួលបានអាចក្លាយជាខ្នាតក្រិតនៅក្នុងការសិក្សាសមិទ្ធលទ្ធភាព ដើម្បីឆ្ពោះទៅរកការឌីហ្សាញ និងសាងសង់រោងចក្រផលិតសាំងចេញពីប្រេងដូងនៅលើកោះស៊ូម៉ាត្រា នាថ្ងៃអនាគតដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here