ការព្យាករណ៍ថ្មីៈ វិស័យសណ្ឋាគារនៅអាស៊ី-ប៉ាស៊ីហ្វិកនឹងទទួលបានកំណើនវិនិយោគខ្ពស់ក្នុងឆ្នាំនេះ

0

ដោយៈសុខុម

ហុងកុង: វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចក្នុងតំបន់អាស៊ី- ប៉ាស៊ីហ្វិក ទំនងជានឹងទទួលបានទុនវិនិយោគ រហូតដល់ទៅជាង៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ដោយកើនឡើង៣០%បើធៀបនឹងឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនប្រឹក្សា អចលនទ្រព្យអន្តរជាតិដ៏ចំណាស់ JLL ដែលមានការិយាល័យកណ្ដាល នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា កំណើនខាងលើនេះ នឹងទទួលបាន នៅពេលប្រទេសនានា ចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងនៅពេលបណ្ដាវិនិយោគិន ចាប់ផ្ដើមមានទំនុកចិត្តលើវិស័យនេះច្រើនជាងមុន។

ការវិនិយោគក្នុងផ្នែក និងផ្នែកផ្សេងៗទៀត នៃវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ទំនងជាទទួលបានកំណើនលប់លើសគេ នៅក្នុងវិស័យអច​លនទ្រព្យក្នុងតំបន់។ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយនេះ បានចេញរបាយការណ៍ថា ផ្អែកតាមការព្យាករ ការបោះទុនវិនិយោគសរុបនឹងឈានដល់ប្រមាណ២០០ពាន់លានដុល្លារអាមេរិក ដោយកើនឡើង១៥%បើធៀបនឹងការប៉ាន់ប្រមាណ ក្នុងរយៈពេលពេញមួយឆ្នាំសម្រាប់ឆ្នាំ២០២១។

ការព្យាករនេះ ប្រកបដោយសុទិដ្ឋិនិយមនេះធ្វើឡើង ទោះបីជាភាពមិនប្រាកដប្រជា បានកើតមានជាថ្មី ជុំវិញផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលបានជះផលអាក្រក់ទូទាំងពិភពលោក នៅពេលវីរុសនេះធ្វើឱ្យករណីឆ្លងថ្មី កើនឡើងយ៉ាងឆាប់រហ័សយ៉ាងណាក្ដី។

លោក Anthony Couse នាយកប្រតិបត្តិក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយផ្ញើទៅកាន់សារព័ត៌មាន South China Morning ថា “ទីផ្សារអចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងកាន់តែរឹងមាំក្នុងឆ្នាំ២០២២នេះ នៅពេលបណ្ដាវិនិយោគនៅតែមានសុទិដ្ឋិនិយម ហើយសកម្មភាពជួលបន្តកើនឡើង”។

អ្នកជំនាញរូបនេះបានពន្យល់ថា “វាច្បាស់ណាស់ថា ផ្លូវឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចគឺមិនរលូននោះឡើយ ប៉ុន្តែយើងបានឮពីអតិ​ថិជនរបស់យើងថា ពួកគេមានទំនុកចិត្តលើអនាគត នៃការងារក្នុងការិយា​ល័យ”។ លោកបន្តថា​ “បណ្ដាវិនិយោគិននៅតែមានសុទិដ្ឋិនិយម ទោះបីជាភាពមិនប្រាកដប្រជានៅតែកើតមាន ដែលទាមទារឱ្យធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ននៅឆ្នាំនេះយ៉ាងណាក្ដី”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here