ក្រោយបង្កើតរដ្ឋាភិបាលថ្មី សកម្មភាពនៃការបោះទុនវិនិយោគបានកើនឡើងកាន់តែខ្លាំង

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលអាណត្តិទី៦បង្កើតឡើងបានប្រមាណ២សប្តាហ៍ សកម្ម​ភាពវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបានកើនឡើងនៅកម្ពុជា។នេះបើតាមអ្នកជំ​នា​ញក្នុងវិស័យអចលនទ្រព្យនានា។

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា លោកស្រីបានជួបជា​មួយអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនក្នុងមួយរយៈពេលចុងក្រោយនេះ ដោយពួកគេបានសម្តែងការកោតសរសើរសម្តេចតេជោហ៊ុន សែនដែលបាននាំមកនូវសុខសន្តិភាព ពិសេសការបង្រួបបង្រួមគណបក្សនយោបាយចំនួន១៩ទៀត ឲ្យចូលរួមផ្តល់មតិយោប​ល់ផ្សេងៗ ដើម្បីជាចំណែកចូលរួមអភិវឌ្ឍន៍ប្រទេស។

លោកស្រីបន្តថា “ដោយសារសកម្មភាពនយោបាយ មានលក្ខណៈល្អប្រសើរនិងមានភាពចាស់ទុំនេះ បានធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបានចាប់ផ្តើមសកម្មភាពវិនិយោគកាន់តែច្រើននៅកម្ពុជា”។លោកស្រីបន្តថា “ការរក្សាបានសន្តិភាព ស្ថិរភាពនយោ​បាយ ពិសេសសេដ្ឋកិច្ចល្អប្រសើរនេះហើយ ទើបតម្លៃដីបានឡើងថ្លៃស្ទើរគ្រប់ទីកន្លែង”។

យោងតាមរបាយការណ៍របស់ក្រសួងរបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យ​ដឹងថា រយៈពេល៨ខែឆ្នាំ២០១៨នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួនទឹកប្រាក់​ជិត៣០០០លានដុល្លារអាមេរិក ដោយមានគំរោងសំណង់ជាង២០០០ត្រូវបានចុះបញ្ជីរ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាការពិតក្រោយការរៀបចំរដ្ឋាភិបាលថ្មីរួច អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ បានចាប់ផ្តើមវិនិយោគឡើងវិញយ៉ាងឆាប់រហ័ស។ ពួកគេសម្រេចចិត្តលឿនៗជាងមុន ធៀបនឹងការបោះឆ្នោតអាណត្តិមុន ដោយសារពួកគេមិនមានអ្វីគួរឲ្យបារម្ភនោះទេ។

អ្នកនាងបន្តថា “អ្នកទាំងនោះបានវិនិយោគលើផ្នែកចម្រុះ រួមមាន សណ្ឋាគារ អាផាតម៉ិន ការិយាល័យ និងវិនិយោគលើដីធ្លីជាដើម”។អ្នកនាងបន្តថា “ថ្មីៗនេះមានព៌តមានថាអ្នកវិនិយោគពីអឺរ៉ុប និងអាមេរិកនឹងចូលមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា នេះជា​ចំណុចវិជ្ជមាន ហើយយើងស្វាគមន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here