ចំនួនអាផាតម៉ិនដាក់ចូលទីផ្សារនឹងកើនដល់ជាង២ម៉ឺនយូនីត នៅដំណាច់ឆ្នាំនេះ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ទីផ្សារអាផាតម៉ិននៅតែមានសញ្ញាវិជ្ជមាន ទោះជាការផ្គត់ផ្គង់កើនដល់ជា​ង​២០,០០០យូនីតនៅដំណាច់ឆ្នាំ២០១៨នេះក្តី ក៏តម្រូវការនៃការជួលនៅបន្តកើនឡើង។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ កញ្ញានេះថា តម្លៃជួលអាផាតម៉ិនបាន​និងកំពុងកើនឡើងធៀបជាមួយការជួលខុនដូ ដោយសារអាផាតម៉ិនមានសេវាកម្មច្រើន​ជាងខុនដូ។ អាផាតម៉ិនមានតម្លៃជួលជាមធ្យម២១ដុល្លារ ប៉ុន្តែខុនដូមានតម្លៃត្រឹម១៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ថយចុះពី១៨ដុល្លារកាលពីពីរបីឆ្នាំមុន។

អ្នកនាងបន្តថា អាផាតម៉ិនកម្រិតAមួយបន្ទប់គេងមានតម្លៃ១២០០ដុល្លារ ពីរបន្ទប់​គេងមានតម្លៃ២២០០ដុល្លារ និងបីបន្ទប់គេងមានតម្លៃ៣៣០០ដុល្លារអាមេរិកក្នុងមួយយូ​នីត។ ចំណែកអាផាតម៉ិនកម្រិតB មានតម្លៃទាបជាងកម្រិតAប្រមាណ៣០ភាគរយ។អ្នកនាងបន្តថា អ្នកជួលអាផាតម៉ិនភាគច្រើនជាជនបរទេស ព្រោះ៩៥ភាគរយនៃអ្នកជួលអាផាតម៉ិនជាជនបរទេស ដែលមានចម្រុះជាតិសាសន៍។

អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ឋី បានមានប្រសាសន៍ថា ទីផ្សារអាផា​តម៉ិននៅតែមានសញ្ញាវិជ្ជមាន ដោយមិនមានសញ្ញាណាគួរឲ្យបារម្ភនោះទេ ព្រោះកម្ពុជាកំពុងតែទាក់ទាញការវិនិយោគពីបរទេស ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោ​បាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា។ លោកបន្តថា ចំនួនអ្នកវិនិយោគអន្តរជាតិជាច្រើនបាននិងកំពុងចូលមកកាន់កម្ពុជា ហើយនៅពេលពួកគេចូលមក ពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះតម្រូវការអាផាតម៉ិនកើនឡើងជាស្វ័យប្រវត្តិ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារអាផាតម៉ិននៅកម្ពុជា ហើយនៅតែ​គិតថាចំនួនអាផាតម៉ិន ដែលបានដាក់ចូលទីផ្សារនាពេលបន្តបន្ទាប់នេះ នៅតែមិនអាចឆ្លើ​យតបបាននឹងតម្រូវការនៅឡើយ”។លោកបន្តថា “កម្ពុជាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាកំពុងក្លាយជាគោលដៅនៃការវិនិយោគរបស់អ្នកវិនិយោគអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here