អ្នកវិនិយោគអាមេរិកមួយក្រុម មកស្វែងរកឳកាសវិនិយោគនៅកម្ពុជា

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រតិភូវិនិយោគអាមេរិកមួយក្រុមនឹងមកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងរកនិងពិនិត្យកាលានុវត្តន៍ភាព ស្វែងរកដៃគូវិនិយោគនៅកម្ពុជានាពេលខាងមុខនេះ។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ដល់២៧ កញ្ញាខាងមុខនេះ។ ដំនើរ​ទស្សនកិច្ចនេះ រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា សហការជាមួយស្ថាន​ទូតអាមេរិកប្រចាំកម្ពុជាផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៧ កញ្ញានេះថា លោកមិនទាន់ដឹងថាមានថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកប៉ុន្មាននាក់ពិតប្រាកដ នឹងមកទស្សនកិច្ចនៅកម្ពុជាទេ ប៉ុន្តែពួកគេនឹងរៀបចំកម្មវិធីនៅសណ្ឋាគារ Rosewood នាថ្ងៃទី២៦ កញ្ញាខាងមុខនេះ។លោកបន្តថា ក្រុមហ៊ុនទាំងនេះភាគច្រើន ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ទាក់ទងនឹងគ្រឿងយន្តកសិកម្មជាដើម។

លោកបន្តថា “ដំណើរទស្សនកិច្ចរបស់ពួកគេ នឹងមកជួបផ្នែកឯកជននៅកម្ពុជាដើម្បីស្វែងរកឳកាស និងដៃគូពាណិជ្ជកម្មនៅទីនេះ”។ លោកបន្តថា ក្រុមហ៊ុនទាំងនេះសុទ្ឋតែមានមូលដ្ឋានវិនិយោគនៅប្រទេសថៃ វៀត​ណាម និងសឹង្ហបុរីរួចហើយ ហេតុនេះយើងមានសង្ឃឹមច្រើនថាពួកគេនឹងមកវិនិយោគនៅ​កម្ពុជា”។

តាមព៌តមានក្រៅផ្លូវការពីស្ថានទូតអាមេរិកបានឲ្យដឹងថា ប្រតិភូវិនិយោគអាមេរិកដំពូងឡើយគ្រោងទស្សនកិច្ចនៅកសិដ្ឋានដ៏ធំរបស់លោកឧកញ៉ាម៉ុង រិទ្ឋី ប៉ុន្តែគំរោងនេះ​ទំនងជាលុបចោលវិញ ដោយសារពេលវេលាមានកំណត់។ ហេតុនេះប្រតិភូនឹងទស្សន​កិច្ចនៅសហគ្រាសផលិតនំស្រួយលី លីជំនួសវិញ។

​លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា នៅកម្ពុជាមិនមានគំរោងវិនិយោគរបស់អាមេរិកច្រើនទេ ដោយសារសហរដ្ឋអាមេរិកស្វែងរកការវិនិយោគផ្នែកបច្ចេកវិទ្យាច្រើន ខណៈកម្ពុជាមិនទាន់មានសក្តានុពលលើផ្នែកនេះនៅឡើយ ទាំងធនធានមនុស្ស និងការអភិវឌ្ឍផ្នែក​បច្ចេកវិទ្យានៅមានកម្រិត។

លោកបន្តថា “កត្តាទីផ្សារក៏ជាផ្នែកមួយផងដែរ ព្រោះទីផ្សាររបស់យើងតូច មិនឆ្លើយតបនឹងគំរោងអភិវឌ្ឍន៍ធំៗនៅឡើយទេ”។លោកបន្តថា “ប្រសិនជាសហរដ្ឋអាមេរិកចង់ចូលមកវិនិយោគផ្នែកកសិកម្ម ទាក់ទ​ងនឹងសុវត្ថិភាពអាហារ ឬផលិតអាហារសរីរាង្គ ជារឿងប្រសើរ ប៉ុន្តែត្រូវមានការគាំទ្រនិងរៀបចំគាំទ្រពីរដ្ឋាភិបាលជាមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here