ឧកញ៉ាជាច្រើនចាប់ផ្តើមដាំចេកអំបូងលឿង ដើម្បីនាំចេញទៅកាន់ពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឧកញ៉ាធំៗជាច្រើននៅកម្ពុជា បានចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿង​ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ដោយសារមានតម្រូវការខ្ពស់ពីបណ្តាប្រទេសរីកចំ​រើននានា។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កញ្ញានេះថា លោកបាននិងកំពុងចាប់ផ្តើមវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដី១០០០ហិកតា នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែងដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីក្រុងឌូបៃ ដោយសារប្រទេសទាំងពីរមានតម្រូវការចេកប្រភេទនេះខ្ពស់។ លោកឧកញ៉ាបន្តថា យើងមានទីផ្សារទូលំទូលា​យ តែអ្វីសំខាន់នាពេលនេះយើងត្រូវដាំចេកឲ្យបាន ដើម្បីនាំចេញទៅកាន់ទីផ្សារទាំងនោះ។

ចេកអំបូងលឿង ជាពូជចេកមកពីសហរដ្ឋអាមេរិក ដែល​ជាចេកមានរសជាតិឆ្ងាញ់ និងមានភាពរមួតល្អ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាមួយនឹងគំរោងដាំចេកដើម្បីនាំចេញនេះ យើងមានគំរោងបង្កើតរោងចក្រផលិតម្សៅចេកផងដែរ ព្រោះផ្លែចេកដែលយើងប្រ​មូលផលបាន មិនប្រាកដអាចនាំចេញបានទាំងអស់ទេ។ ហេតុនេះយើងទាមទារការកែច្នៃវា ទៅជាម្សៅ ដើម្បីប្រើប្រាស់ផលិតអ្វីផ្សេងៗទៀត។

ទោះជាយ៉ាងណាលោកឧកញ៉ា មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគក្នុងគំរោងនេះទេ។

ជាមួយគ្នានេះលោកឧកញ៉ាហ៊ុន ឡាក់អនុប្រធានសហព័ន្ឋស្រូវអង្ករកម្ពុជាដែល​បានបោះទុន៣០លានដុល្លារដាំចេកអំបូងលឿង លើផ្ទៃដី១០០០ហិកតានៅក្នុងស្រុកឈូក ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារចេកអំបូងលឿងមានភាពល្អប្រសើរ និងមានតម្លៃល្អខ្លាំងធៀបជាមួ​យ​ចេកធម្មតានៅក្នុងស្រុករបស់យើង។លោកបន្តថា ​ចេកនេះមិនមែនដាំបាននៅគ្រប់ប្រ​ទេសនោះទេ ប៉ុន្តែសម្រាប់កម្ពុជាមានដីដែលមានងំណោយផលសម្រាប់ដាំចេកនេះ ប៉ុន្តែ​កន្លងមកមិនសូវមានអ្នកចាប់អារម្មណ៍ ទើបចេកនេះមិនសូវមានដាំនៅកម្ពុជា។

លោកបន្តថា យើងអាចនាំចេញចេកប្រភេទនេះបានទូទាំងពិភពលោក ដោយ​សារវាជាចេកមានរសជាតិឆ្ងាញ់ និងជាចេករក្សាទុកបានយូរ ងាយស្រួលក្នុងការនាំចេញ ទៅកាន់ក្រៅប្រទេស។លោកបន្តថា ចេកអំបូងលឿងដាំនៅកម្ពុជាជាលើកដំបូង នឹងអាចនាំចេញពីកម្ពុជានៅដើមឆ្នាំ២០១៩ខាងមុខនេះ ប៉ុន្តែបរិមាណនៃការនាំចេញមិនទាន់អាចព្យាករណ៍បាននៅឡើយទេ៕     

LEAVE A REPLY

Please enter your comment!
Please enter your name here