ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ និងលើសពី៥០ជាន់ មានប្រមាណ១,៦០៣អគារ។
សម្តេចតេជោបានបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលនិងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទីក្រុងរបស់យើង នាពេលបច្ចុប្បន្ននេះ បើយោងទៅលើការកត់ស្ថិតិ យើងមានអគារដែលចាប់ផ្ដើមពី៥ ទៅ៩ជាន់ រហូតទៅដល់លើស៥០ជាន់ មានប្រមាណ១,៦០៣អគារ”។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ អគារកម្ពស់១០ជាន់ ទៅ១៩ជាន់មាន៤៥២អគារ អគារកម្ពស់ ២០ជាន់ទៅ២៩ជាន់ មាន១២០អគារ អគារកម្ពស់៣០ជាន់ទៅ៣៩ជាន់មាន៦៥អគារ និងអគារខ្ពស់ចាប់៤០ជាន់ឡើងងមាន ៤០អគារ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយ៧មករា ១៩៧៩កម្ពុជា មានអគារដែលខ្ពស់ជាងគេគឺ៧ជាន់ ហើយមានតែមួយប៉ុណ្ណោះ ប៉ុន្ដែឥលូវទីក្រុងភ្នំពេញ មានប្រជាជនរស់នៅដល់ជាង២លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំង។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កាលពីអតីតកាលដីមួយហិកតា មានសំណង់ត្រឹមតែ៥ពាន់ ឬ១ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ ក៏ប៉ុន្ដែឥលូវនេះ ដីមួយហិកតាដដែរ មានសំណង់ទៅដល់ត្រឹម៥ម៉ឺនម៉ែត្រការ៉េ ឬលើសពីនេះ។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា សម្តេចមិនយល់នោះឡើយ ចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វា សុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។
បន្ថែមពីនោះទៀត សម្តេចតេជោបានលើកឡើងថា សង្គមមួយមិនអាចធ្វើឲ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឲ្យស្ថានភាពក្រីក្រ ថយចុះកាន់តែទាប។
ទោះបីជាប្រឈមនឹងការរីករាលដាល ជំងឺកូវីដ១៩ក៏ដោយ ក៏ការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេស នៅឆ្នាំ២០២១កន្លងមក មានចំនួន៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ មានទំហំទឹកប្រាក់ជាង៥,៣៣៣លានដុល្លារអាមេរិក៕