ក្រុមហ៊ុនតូយ៉ូតាខេមបូឌានាំចូលរថយន្តជាង៥០០គ្រឿងតាមនាវាធុនធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

0

ដោយៈ សុផារី

ក្រុងព្រះសីហនុៈ ក្រុមហ៊ុនរថយន្ត Toyota (Cambodia) Co. Ltd បាននាំចូលរថយន្តថ្មី មកកាន់ប្រទេសកម្ពុជា តាមរយៈនាវាដឹករថយន្តប្រភេទPORO រហូតដល់ទៅ៥២៧គ្រឿង ក្នុងរយៈពេលពីរថ្ងៃតែប៉ុណ្ណោះ ដែលនេះមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិ នៃការដឹកជញ្ជូនរងយន្តតាមនាវាមកកាន់កម្ពុជា។

ប្រភពពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នាវាដឹករថយន្តប្រភេទ RORO ឈ្មោះWorld Spirit បានដឹកជញ្ជូនរថយន្តថ្មីរបស់ក្រុមហ៊ុន Toyota (Cambodia) Co. Ltd មកតាមមាត់ច្រកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានចំនួន២៦៩គ្រឿង។

ក្រោយមក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នាវាដឹករថយន្តប្រភេទ RORO ឈ្មោះ Astra Ace ដែលជាប្រវត្តិសាស្រ្តថ្មី និងលើកទី២ ក្នុងការនាំចូលរថយន្តថ្មីរបស់ក្រុមហ៊ុន Toyota (Cambodia) Co. Ltd មានចំនួនច្រើនរហូតដល់ ២៥៨គ្រឿង ចូលចតតាមមាត់ច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុដដែល។

លោកថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសហការី ដែលបានចុះទទួលស្វាគមន៍ នៃការចូលចតនេះ បានមានប្រសាសន៍ថា នេះជាប្រវត្តិសាស្រ្ត និងលើកដំបូងក្នុងការដឹកជញ្ជូននាំចូលរថយន្តថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងចំនួនច្រើនមកកាន់កម្ពុជាតាមរយៈមាត់ច្រកកំពង់ផែនេះ។

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ លោកMasahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាថា ក្រុមហ៊ុនToyota របស់ប្រទេសជប៉ុនកំពុងតែរៀបចំ ស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា ហើយក៏មានក្រុមហ៊ុនជប៉ុនដទៃទៀត កំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។

គិតត្រឹមខែមករា ឆ្នាំ២០២២នេះ មានក្រុមហ៊ុនចំនួន៤បាននិងកំពុងបើកដំណើរការរោងចក្រដំឡើងរថយន្ត នៅក្នុងប្រទេសកម្ពុជារួចមកហើយ។ ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Hyundai កាលពីឆ្នាំ២០១១ នៅសេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ ដែលអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ។

ទី២ ក្រុមហ៊ុន Daehan កាលពីឆ្នាំ២០១៨ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចដំឡើងរថយន្តខ្ទង់២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ទី៣ ក្រុមហ៊ុន International VCV Industry CO,.ltd កាលពីឆ្នាំ២០១៨ ក្រុមហ៊ុនបានបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ក្នុងទំហំទឹប្រាក់ជាង៤លានដុល្លាអាមេរិក។

ក្នុងខែកញ្ញាឆ្នាំ ២០២១ ក្រុមហ៊ុនRMA Cambodia រោងចក្រដំឡើងរថយន្ត Ford បានបោះទុនវិនិយោគប្រមាណ២១លានដុល្លារអាមេរិក នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here