ដោយៈ សុផារី
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងកំពុងសាកល្បងអនុវត្តន៍កម្មវិធី កាត់ពិន្ទុលើបណ្ណបើកបរ អ្នកល្មើសចរាចរណ៍ ដើម្បីឈានទៅអនុវត្តជាផ្លូវការនាពេលខាងមុខនេះ។
ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលជាអ្នកជិះម៉ូតូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា ការសាកល្បងនេះ កំពុងទទួលបានជោគជ័យ១០០ភាគរយ ទៅលើការដកពិន្ទុលើបណ្ណបើកបរ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍។ ការអនុវត្តពេញលេញ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក សំដៅឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទាបបំផុត។
លោកបន្តទៀតថា “ក្រុមការងារជំនាញ កំពុងសាកល្បងលើម៉ាស៊ីនកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរចំនួន៥០គ្រឿង ខណៈគ្រោងទិញបន្ថែម២៥០គ្រឿងទៀត ដើម្បីផ្តល់ដល់មន្ត្រីនគរបាលចរាចរណ៍ បន្ទាប់ពីកម្មវិធីកាត់ពិន្ទុតាមរយៈកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន បានតម្លើងរួចរាល់ដែលក្រសួងបានសហការ ជាមួយអគ្គស្នងការនគរបាលជាតិ”។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធីនេះល្អណាស់ ពេលមានល្មើសច្បាប់ចរាចរណ៍ ប៉ូលីសស្នើសុំប័ណ្ណបើកបរ ហើយយកម៉ាស៊ីនទៅស្កេន និងឃើញព័ត៌មានទាំងអស់ ទាក់ទងប័ណ្ណបើកបរដូចជាប័ណ្ណបើកបរក្លែងក្លាយ ឬត្រឹមត្រូវនិងពិន្ទុ១២នៃប័ណ្ណបើកបរនីមួយៗ។ ក្នុងករណីអ្នកបើកបរល្មើសនឹងចរាចរណ៍ នឹងត្រូវបានដកអស់១២ពិន្ទុនោះ ត្រូវកែប្រែការបើកបរឡើងវិញ។
កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្ត ដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុ ចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើស ដូចជា មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម៕