ដោយៈសុខុម
ភ្នំពេញ: កាលពីជាង៥០ឆ្នាំមុន ភោជនីយដ្ឋានអាហារសម្រន់ ឬអាហាររហ័ស The Habit Burger Grill បានបើកដំណើរការជាផ្លូវការនៅក្រុង Santa Barbara នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ហើយគ្រោងនឹងបើកដំណើរការសាខាថ្មី បំផុតរបស់ខ្លួននៅកម្ពុជាឆាប់ៗនេះ។
យោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី៣១ មករា ឱ្យដឹងថា ប៊្រែនភោជនីយដ្ឋានអាហារសម្រន់ ឬ អាហាររហ័សនេះនឹងបើកដំណើរការ ទីតាំងអន្តរជាតិថ្មីបំផុតរបស់ខ្លួន នៅក្បាលថ្នល់ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ដ៏ខ្លីខាងមុខនេះ។
លោក Iwona Alter នាយកផ្នែកម៉ាកយីហោ ឬ ប៊្រែនប្រចាំក្រុមហ៊ុន The Habit Burger Grill មានប្រសាសន៍ថា “វាជាកិត្តិយសណាស់ដែលយើងបើកដំណើរការ ទីតាំងភោជនីយដ្ឋាន The Habit Burger Grill ទី៥ របស់យើងនៅកម្ពុជា ដោយចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនកម្ពុជាតេលា (Kampuchea Tela Company, LTD)”។ លោកបន្តថា “យើងទន្ទឹងរង់ចាំបម្រើសហគមន៍ ពលរដ្ឋនៅរាជធានីភ្នំពេញ ជាមួយនឹងអាហារដែលសម្រិតសម្រាំងដ៏មានឱជារស និងស្រស់ៗមកពីកាលីហ្វ័រញ៉ា ជាមួយនឹងសេវាបដិសណ្ឋារកិច្ចល្អឥតខ្ចោះ”។
ជាមួយរូបមន្តអាហារដ៏មានឱជារស ដែលរក្សាអាថ៌កំបាំងបានល្អបំផុត ភោជនីយដ្ឋាន The Habit Burger Grill បានឈ្នះពានរង្វាន់ចំណីហារជាច្រើននៅសហរដ្ឋអាមេរិក។ អាហារពិសេសប្រចាំហាងគឺ ឆាបឺកហ្គើ (Charburger)។ Charburger នេះថែមទាំងត្រូវបានគេប្រសិទ្ធនាមថា “បឺកហ្គើឆ្ងាញ់បំផុតនៅអាមេរិក” (Best Tasting Burger in America) ទៀតផងនៅខែកក្កដា ឆ្នាំ២០១៤ ហើយ The Habit Burger Grill បានបម្រើអាហារពិសេសបែបនេះ ចាប់តាំងពីឆ្នាំ១៩៦៩ មកម៉្លេះ។
ភោជនីយដ្ឋាន The Habit Burger Grill បានបើកដំណើរការសាខាទី១ របស់ខ្លួនក្នុងប្រទេសកម្ពុជា កាលពីខែតុលា ឆ្នាំ២០២០។ ហើយទីតាំងទី៥ នេះគឺជាការពង្រីកសាខាដំបូង របស់ប៊្រែននេះនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ ជាមួយនឹងបើកសាខាបន្ថែមទៀតនៅក្នុងឆ្នាំនេះ៕ PR Newswire៕