CDCបានចេញវិញ្ញាបនប័ត្រចុះបញ្ជីអោយក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគជិត៣០លានដុល្លារអាមេរិក

0

ដោយ : វុត្ថា

ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រចុះបញ្ជីអោយក្រុមហ៊ុនចំនួន៦ ដែលមានទុនវិនិយោគជិត៣០លានដុល្លារអាមេរិក ដែលគំរោងវិនិយោ​គភាគច្រើនផ្តោតលើវិស័យវាយណភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨បានឲ្យដឹងថា គណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់លិខិតអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៦ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ គម្រោងទាំងនោះរួមមាន ទី១ ក្រុមហ៊ុន “YANXIN THREAD LACE CO.,LTD.” គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោ​ក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។

ទី២-ក្រុមហ៊ុន “HIGH HOPE (CAMBODIA) APPAREL MANUFAC​TU​RING CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោ​គស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.៤៨១កន្លែង។

ទី៣-ក្រុមហ៊ុន “DE XIANG GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។

ទី៤-ក្រុមហ៊ុន “GOODNEWS PACKAGING TECHNOLOGY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។ ទី៥-ក្រុមហ៊ុន “AYC GARMENT FACTORY CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។

និង ៦-“ក្រុមហ៊ុន FENGFAN (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣.០៣៤កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here