ឧកញ៉ាលី ហួរ៖ ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ សម្រាប់រយៈពេលវែងខាងមុខបន្តទៀត។

មានប្រសាសន៍ក្រោយពេលបញ្ចប់ ពិធីបើកការដ្ឋានសាងសង់បុរីវិមានភ្នំពេញមង្គលរតនៈនាព្រឹកថ្ងៃទី១៩ កញ្ញានេះ លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ខាងមុខ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នឹងកើនឡើងដល់ជិត១លានខ្នងបន្ថែមទៀត ហេតុនេះទើបទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់។លោកបន្តថា បច្ចុប្បន្នជីវ​ភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យតម្រូវលំនៅដ្ឋានកើនឡើងព្រមគ្នា ដែលជា​មូលដ្ឋានធ្វើឲ្យលោកបន្តវិនិយោគលើគំរោងនេះ ដែលមានផ្ទះប្រមាណ៣០០០ខ្នង និងស្ថិតនៅលើផ្ទៃដីប្រមាណ៣០ហិកតា។

លោកបន្តថា “ក្នុងនាមថ្នាក់ដឹកនាំសមាគម ខ្ញុំឃើញថាសមាជិកសមាគមនៅតែបន្តអភិវឌ្ឍន៍បុរី និងគំរោងលំនៅដ្ឋាននានា និងពង្រាយដល់បណ្តាខេត្តនានា ដោយសារជីវ​ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ”។លោកបន្តថា “ខ្ញុំនៅតែមានសុទិ​ដ្ឋិនិយមថាទីផ្សារលំនៅដ្ឋាននឹងបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត”។

គំរោងលំនៅដ្ឋានបុរីវិមានភ្នំពេញមង្គលរតនៈ មានតម្លៃចាប់ពី៤៧,០០០ដល់ជាង២០ម៉ឺនដល្លារអាមេរិក អាស្រ័យលើទំហំនិងទីតាំងលំនៅដ្ឋាននិមួយៗ។

លោកឧកញ៉ាលី ហួរបានបន្តថា នេះជាគំរោងលំនៅដ្ឋានទី៩របស់បុរីវិមានភ្នំពេញ ដែលយើង​ជឿជាក់ថាវានឹងទទួលបានជោគជ័យ ដោយសារវាស្ថិតនៅក្បែររាជធានីភ្នំពេញ ដែលប្រ​ជាពលរដ្ឋអាចទិញរស់នៅ ឬប្រកបអាជីវកម្មនៅនឹងកន្លែងបាន ព្រោះបើធ្វើដំណើរចេញពី គម្រោងនេះ ចូលក្រុងភ្នំពេញចំណយពេលប្រមាណ២០នាទីប៉ុណ្ណោះ។

អ្នកនាងឆាយ ស៊ីណានាយកផ្នែកលក់នៃបុរីវិមានភ្នំពេញបានមានប្រសាសន៍ថា គំរោងអភិវឌ្ឍន៍បុរីនេះ តែងតែទទួលបានជោគជ័យ ដោយសារកេរ្ត៍ឈ្មោះល្អរបស់លោកឧកញ៉ា គុណភាព និងសោភ័ណភាពសំណង់ជាអ្វីដែលក្រុមហ៊ុនយកចិត្តទុកដាក់។ ពិសេ​សហេដ្ឋារចនាសម្ព័ន្ឋក្នុងបុរីមានភាពធំទូលាយ និងផ្តល់ផាសុខភាពដល់អ្នករស់នៅ។

នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុន VTRUST APPRAISAL លោកហ៊ឹម សីហាបាន​មានប្រសាសន៍ថា ទីផ្សារបុរីឬលំនៅដ្ឋាននានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនៅតែមានភាពអំណោយផល ដោយសារកត្តាជាច្រើនដូចជា កំនើនសេដ្ឋកិច្ចធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ការផ្តល់ឥណទានពីធនាគារកាន់តែមានភាពងាយស្រួល ​និងកត្តាប្រជាសាស្រ្ត ដែលមានន័យថាប្រជាជនកម្ពុជាភាគច្រើនវ័យក្មេង ដែលពួកគេត្រូវបង្កើតគ្រួសារថ្មី ធ្វើឲ្យពួកគេត្រូវការលំនៅដ្ឋានកើនឡើងជាស្វ័យប្រវត្តិជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here