កម្ពុជាប្តេជ្ញាចិត្តកំណត់ឱ្យមានការប្រើប្រាស់រថយន្ត EVs ក្នុងអត្រា៤០ភាគរយ និងម៉ូតូ EVs ក្នុងអត្រា៣០ភាគរយ ត្រឹមឆ្នាំ២០៥០

0

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបេជ្ញាចិត្តក្នុងទិសដៅឆ្ពោះទៅកាន់ការសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។

នេះបើតាមការគូសបញ្ជាក់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី អំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាកំពុងរិះរកវិធី និងរបៀបរបបបំពេញការងារទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

បច្ចុប្បន្ន មានគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាមបណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំងដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។

បើតាមលោក ស៊ុន ចាន់ថុល ក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda NHAM24 និង E-Gets ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនីជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here