ដោយៈសុខុម
សឹង្ហបុរី: ប្រេងបានបន្តហក់ឡើងថ្លៃ លើស៩០ដុល្លារអាមេរិក នៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ ដោយសារការព្រួយបារម្ភ រយៈពេលវែងអំពីការផ្គត់ផ្គង់ និងស្របពេលអាកាសធាតុត្រជាក់ខ្លាំង កំពុងវាយប្រហារទូទាំងសហរដ្ឋអាមេរិក ដែលគំរាមកំហែងបន្ថែមទៀត ដល់ការផ្គត់ផ្គង់ប្រេងដ៏ផុយស្រួយ។
ប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃ១៦សេន ឬ ស្មើនឹង០,២ ដល់៩១,២៧ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានហក់ឡើងថ្លៃ១,១៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បត្តិ៍ ទី៣ កុម្ភៈ។
ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃ២៨សេន ឬ ស្មើនឹង០,៣%ដល់៩០,៥៥ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។
ប្រេងនៅលើទីផ្សារអង់គ្លេស និងលើទីផ្សារសហរដ្ឋអាមេរិក បានបន្តហក់ឡើងថ្លៃ៧សប្ដាហ៍ជាប់ៗគ្នា។
លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុនអាមេរិក OANDA បានលើកឡើងថា “ប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃលើស៩០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីអាកាសធាតុដ៏សែនត្រជាក់នៅតំបន់ Arctic បានធ្វើដំណើរទៅដល់រដ្ឋតិចសាស និងបានធ្វើឱ្យផលិតកម្មប្រេងមួយចំនួននៅ Permian Basin ត្រូវអាក់ខាន”។
ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ នៅអឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ា ក៏ជាកត្តាជំរុញឱ្យប្រេងហក់ឡើងថ្លៃខ្លាំងដែរ ដោយប្រេងនៅលើទីផ្សារអង់គ្លេស បានហក់ឡើងថ្លៃរហូតដល់១៧% និងនៅលើទីផ្សារសហរដ្ឋអាមេរិក បានហក់ឡើងថ្លៃរហូតដល់២០% គិតរហូតមកទល់នឹងពេលនេះ៕ The Egde Markets៕