អាកាសយានដ្ឋានអន្តរជាតិឡាវមួយដែលសង់ដោយវៀតណាម ត្រូវបានប្រគល់ឱ្យកងទ័ពអាកាសរំដោះប្រជាជនឡាវ

0

ដោយៈសុខុម

វៀងចន្ទន៍: ក្រោយបិទលែងដំណើរការ អស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតអាកាសយានដ្ឋានអន្តរជាតិអត្ថពល (Attapeu International Airport) ត្រូវបានប្រគល់ទៅឱ្យកងទ័ព អាកាសរំដោះប្រជាជនឡាវ ហើយនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៧ កុម្ភៈ នេះ។

ពិធីប្រគល់សិទ្ធិកាន់កាប់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ រវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលស្ថិតក្រោមចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន និងកងទ័ពអាកាសឡាវ ដែលស្ថិតក្រោមចំណុះក្រសួងសន្តិសុខសាធារណៈ។

អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានបិទដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៧ បន្ទាប់ពីជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines Vientiane មកកាន់អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានលុបចោលក្នុងខែតុលា ឆ្នាំ២០១៦។

អាកាសយានដ្ឋាននេះ ត្រូវបានបិទដំណើរការ ដោយសារមានអ្នកដំណើរជិះតិចពេក ហើយជើងហោះហើរក៏មិនទៀងទាត់ ព្រោះមានប្រជាជនត្រឹមតែ១៣៩.៦០០នាក់ប៉ុណ្ណោះ ដែលរស់នៅក្នុងខេត្តអត្ថពល។

អាជ្ញាធរខេត្តអត្ថពល បានប្រកាសក្នុងឆ្នាំ២០១៧កន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines Vientiane បានសម្រេចឈប់ផ្តល់ជើងហោះហើរពីរដ្ឋធានីវៀងច័ន្ទ ទៅកាន់ខេត្តអត្ថពល ចាប់ពីខែតុលា ឆ្នាំ២០១៦។

សកម្មភាពសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងខេត្តអត្ថពល រួមមាន ការផលិតថាមពល ការជីករ៉ែ និងចម្ការឧស្សាហ៍កម្ម ខណៈមានទេសចរតិចតួចប៉ុណ្ណោះដែលមកលេងខេត្តនេះ។

អាកាសយានដ្ឋានអន្តរជាតិអត្ថពល ត្រូវបានសាងសង់ដោយក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai Group (HAGL Group) ដោយការសាងសង់បានចាប់ផ្ដើមនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។

ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ អាកាសយានដ្ឋានដែលមានតម្លៃ៣៦,៩លានដុល្លារអាមេរិក នេះបានបើកដំណើរការក្នុងឆ្នាំ២០១៥៕  Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here