ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ប្រទេសកម្ពុជានឹងរៀបចំវេទិកាបូអាវសម្រាប់អាស៊ី ដ៏ធំមួយក្រោមប្រធានបទការស្វែងរកការអភិវឌ្ឍនិងភាពឈ្នះ-ឈ្នះរួមគ្នា៖កិច្ចប្រឹងប្រែងរួមគ្នាក្នុងការនាំមកនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងសម័យកាលថ្មីមួយ។
វេទិកាដ៏មានសារៈសំខាន់នេះ នឹងប្រារពធ្វើចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។

សន្និសីទនេះនឹងមានអ្នកជំនួញ និងឥស្សរជនជាន់ខ្ពស់ជាច្រើននៅកម្ពុជា និងមកពីក្រៅប្រទេសដូចជា លោកលី បាវដុងអគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោកបណ្ឌិតស៊ូរ៉ាគៀត សាធីរ៉ាថៃអតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្យុង បូ លោកជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអនរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ចជាដើម។
តើអ្វីទៅជាវេទិកាបូអាវសម្រាប់អាស៊ី?
វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិដែលមិនស្វែងរកប្រាក់ចំណេញ និងមានកាលបរិច្ឆេទសម្រាប់ធ្វើសន្និសីទនិងមានទីស្នាក់ការអចិន្ត្រៃយិ៍ច្បាស់លាស់។
Pop
វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយលោក Fidel V. Ramos អតីតប្រធានាធិបតីហ្វីលីពីន លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០០១ និងមានទីស្នាក់ការអចិន្រ្តៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២ មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។
វេទិកាបូអាវសម្រាប់អាស៊ី បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសអាស៊ី និងទទួលបានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយនៅទូទាំងសាកលលោក។ បច្ចុប្បន្ននេះ វេទិកាបូអាវសម្រាប់អាស៊ី បានក្លាយទៅជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់ការសន្ទនាគ្នាក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងចង្កោមថ្នាក់ដឹកនាំវិស័យឧស្សាហកម្មនិងធុរកិច្ច និងក្នុងចង្កោមអ្នកប្រាជ្ញនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ នៅទ្វីបអាស៊ីនិងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់បណ្តាប្រទេសអាស៊ី ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួមតាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។







